(ភ្នំពេញ)៖ ឯកឧត្តម​ ហាវ​ រតនៈ ប្រតិភូ​រាជ​រដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ថវិកា​ នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ព្រម​ទាំង​មន្ត្រី​រាជការ​ក្រោម​ឱវាទ​បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត៕