(ភ្នំពេញ)៖ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសហការជាមួយសភាពាណិជ្ជកម្មអង់គ្លេសកម្ពុជា (BritCham) ប្រមូលផ្តុំក្រុមចម្រុះនៃអ្នករៀបចំទីក្រុង ស្ថាបត្យករ វិនិយោគិន និងអ្នកបង្កើតគោលនយោបាយរៀបចំកិច្ចពិភាក្សាលើការរចនាទីក្រុងឡើងវិញ ដើម្បីស្វែងរកវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ក្នុងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពនៅកម្ពុជា។

វេទិកានេះមានការចូលរួមយ៉ាងសកម្មពីតំណាងមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​យ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំទីក្រុងដែលរួមបញ្ចូល ភាពធន់ និងត្រៀមខ្លួនជាស្រេចសម្រាប់ការវិនិយោគ។

របៀបវារៈរួមមាន៖បទបង្ហាញដែលពាក់ព័ន្ធ ករណីសិក្សា និងការពិភាក្សារួមគ្នា ដោយមានចំណុចសំខាន់ៗដូចជា៖ វគ្គអន្តរកម្មលើមេរៀនដែលបានរៀនពី "តើមានអ្វីខុស?ក្នុងការអភិវឌ្ឍន៍ទីក្រុង, ករណីសិក្សា និងការច្នៃប្រឌិតថ្មីពី PLP និង Broadway Malyan ជុំវិញការរចនាទីក្រុង, វគ្តមួយដែលដឹកនាំដោយ Broadway Malyans បង្ហាញគម្រោងបង្កើតឡើងវិញដោយជោគជ័យពីជុំវិញពិភពលោក, ធាតុផ្សំសម្រាប់​ភាពជោគជ័យ, ករណីសិក្សាលើ King's Cross ទីក្រុងឡុងដ៍ របៀបរៀបចំផែនការ និងគោលនយោបាយសម្រាប់លំហបៃតងអាចទាក់ទាញទេពកោសល្យ ការងារ និងការវិនិយោគ, ការពិភាក្សារួមគ្នា​លើក្របខ័ណ្ឌគោលនយោបាយសម្រាប់កំណើន ការអភិវឌ្ឍន៍គម្រោង លទ្ធភាពធនាគារសម្រាប់គម្រោងនាពេលខាងមុខ និងការវិនិយោគផ្ទាល់ពីបរទេស និងកំណត់តួនាទី និងការទទួលខុសត្រូវរបស់​អ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការជំរុញការផ្លាស់ប្តូរទីក្រុង។

នាឱកាសនោះ លោក Dominic Williams, MBE, ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា នៅស្ថានទូត យើងប្តេជ្ញាជួយដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍របស់កម្ពុជា។ យើងជឿជាក់ថា ការសហការគ្នាលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព រួមទាំងតាមរយៈស្ថាបត្យកម្ម និងការរចនាដ៏ល្អ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា និងគាំទ្រដល់កំណើននាពេលអនាគត។

ស្ថាបត្យកម្មគឺជាអ្វីដែលចក្រភពអង់គ្លេសធ្វើបានល្អ។ ស្ថាបត្យកម្មអង់គ្លេសអាចចំណាយថ្លៃជាងបន្តិច ប៉ុន្តែការផ្តោតលើទាំងទម្រង់ និងមុខងារ មានន័យថា អគារដែលបានរចនាបែបអង់គ្លេស ដូចជាអគារ Vattanac Capital Tower អគារ Exchange Square និងអគារជីបម៉ុង គឺជាអគារការិយាល័យ និងកន្លែងពាណិជ្ជកម្មដែលប្លែកជាងគេបំផុតក្នុងរាជធានីភ្នំពេញ។ ការវិនិយោគលើការរចនាដ៏ល្អបែបនេះ​ធ្វើឱ្យមានការត្រឡប់មកវិញ​យូរអង្វែងលើការវិនិយោគ ដោយសារតែទ្រព្យសកម្មរក្សាបាននូវតម្លៃ និងអត្ថប្រយោជន៍របស់វាតាមពេលវេលា។

លោក Mike Collins ប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធ APAC នាយកដ្ឋានពាណិជ្ជកម្មចក្រភពអង់គ្លេស បានបញ្ជាក់ដែរថា ទីក្រុងនៅថ្ងៃស្អែកត្រូវតែមានអ្វីៗជាច្រើន៖ រួមបញ្ចូល ភាពធន់ ការរៀបចំផែនការបានល្អ និងបង្កើត ឡើងនៅលើធាតុផ្សំជាមូលដ្ឋានដែលធ្វើឱ្យពួកគេដំណើរការយ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍នេះគឺអំពីការនាំយកការរចនា គោលនយោបាយ និងការវិនិយោគរួមគ្នាដើម្បីដោះសោសក្តានុពលនោះ និងបង្កើត កន្លែងដែលមនុស្ស និងសហគមន៍អាចរីកចម្រើន។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយអ្នកចូលរួមបានចែករំលែកការឆ្លុះបញ្ចាំង និងរៀបរាប់ពីជំហានបន្ទាប់ ដែលអាចធ្វើសកម្មភាពបាន ដើម្បីជំរុញឱ្យមានការបង្កើតឡើងវិញនូវទីក្រុង​នៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់កាន់តែទូលំទូលាយ។ ជាវេទិកានេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងការគាំទ្រ​ជាបន្តបន្ទាប់របស់ចក្រ​ភពអង់គ្លេសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ជំរុញភាពជាដៃគូដែលរួមបញ្ចូលការរចនា គោលនយោបាយ និងការវិនិយោគដើម្បីកសាងទីក្រុងដែលមនុស្ស និងសហគមន៍អាចរីកចម្រើនបាន៕