(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត សៀង លំអងគន្ធា ប្រធានកម្មវិធីជាតិសុខភាពបន្តពូជ បានបញ្ជាក់ថា នៅកម្ពុជា មានស្ត្រីមករកសេវារំលូតក្នុង ១ឆ្នាំ មានចំនួនលើសពី ២០០,០០០នាក់ (CDHS 2010 and PSI និង TRAC)។ ដូច្នេះ គឺត្រូវទាមទារឱ្យរួមគ្នាបញ្ជ្រាបចំណេះដឹងពីការរំលូតដោយសុវត្ថិភាព ឱ្យទូលំទូលាយដល់ស្ត្រី ពិសេសយុវតីនៅតំបន់ជនបទដាច់ស្រយាល។

បើតាមប្រធានកម្មវិធីជាតិសុខភាពបន្តពូជ បានឱ្យដឹងថា ក្នុងនោះ ៧% នៃស្ត្រីក្នុងវ័យបន្តពូជ ធ្លាប់បានធ្វើរំលូតកូន ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ, ខណៈ ៤០% នៃការរំលូតកូនធ្វើឡើងដោយអ្នកដែលពុំមានជំនាញ និងមិនស្របច្បាប់, ៦% នៃការរំលូតកូនធ្វើឡើងដោយការកោសសម្អាត (Curettage) (ការអង្កេតប្រជាសាស្ត្រស្តីពីសុខភាព នៅប្រទេសកម្ពុជា ឆ្នាំ២០១៤)។

ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត សៀង លំអងគន្ធា បានបន្តថា ស្ត្រីដែលចង់បានសេវាពន្យារកំណើត តែមិនអាចទទួលបាន នៅកម្ពុជាមាន១៤% (CDHS 2022) ៦៨% នៃស្ត្រីដែលមកសេវារំលូត មិនបានប្រើមធ្យោបាយពន្យារកំណើត (CDHS 2022)។

បើតាមលោកស្រីវេជ្ជ. អ៊ុក តុបតូនីកា អនុប្រធាននាយកដ្ឋានស្ត្រី និងសុខភាព នៃក្រសួងកិច្ចការនារី បានឱ្យដឹងថា ច្បាប់រំលូតកូន នៅប្រទេសកម្ពុជា ទទួលស្គាល់ភាពស្របច្បាប់ មានគោលដៅកំណត់ក្រោមលក្ខខណ្ឌជាក់លាក់នៃការរំលូតកូន គឺជាការបញ្ចប់គក៍តាមវិធីវេជ្ជសាស្ត្រ ឬតាមវិធីណាមួយ (អនុម័តឆ្នាំ១៩៩៧)

លោកស្រីវេជ្ជ. អ៊ុក តុបតូនីកា បានបន្តថា ការររំលូតកូនត្រូវតែមានសំណូមពរ និងបានទទួលការយល់ព្រមពីស្ត្រីដែលមានគក៍ និងមានតែវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬឆ្មបមធ្យមដែលបានទទួលការអនុញ្ញាត្តពីក្រសួងសុខាភិបាលទើបអាចធ្វើការរំលូតកូនបាន អាចប្រព្រឹត្តបាននៅតែមន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិក មន្ទីរសម្ភពសាធារណៈ ឬឯកជនដែលបានទទួលការអនុញ្ញាត្តពីក្រសួងសុខាភិបាល។

លោកស្រីបានបញ្ជាក់ថា ការរំលូតអាចប្រព្រឹត្តបានចំពោះតែគក៍ណាដែលមានអាយុនៃគក៍ ១២សប្តាហ៍ រាល់ឯកសារដែលទាក់ទងទៅនឹងការរំលូត ត្រូវរក្សាទុកជាការសម្ងាត់ ហើយអាចផ្តល់ទៅសាមីខ្លួន ឬតុលាការប្រសិនបើមានការស្នើសុំជាលាយល័ក្ខអក្សរ, ការត្រួតពិនិត្យការរំលូតតាមការកំណត់នៃច្បាប់នេះ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋក្នុងការកាត់បន្ថយមរណភាព និងការរើសអើងលើស្ត្រី និងក្មេងស្រី។

សម្រាប់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា សុខមាលភាពរបស់ប្រជាជនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះ ប្រសិនបើភាគីពាក់ព័ន្ធមិនចូលរួមអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីវិធីសាស្ត្រការពារសុខមាលភាពជូនដល់ប្រជាជននោះទេ វានឹងក្លាយជាបន្ទុកដ៏រ៉ាំរៃមួយរបស់សង្គម ហើយរាជរដ្ឋាភិបាលត្រូវចំណាយថវិកាយ៉ាងច្រើនដើម្បីដោះស្រាយបញ្ហាទាំងនេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ទោះបីការរំលូតជារឿងសមច្បាប់ក៏ដោយ ប៉ុន្តែការរំលូតជាបន្តបន្ទាប់ ឬញឹកញាប់ អាចជារឿងសោក សង្រែកសម្រាប់ឪពុកម្តាយ និងក្រុមក្រុមគ្រួសារ ដោយវាអាចបង្កផលរំខានជាច្រើនដល់សុខភាព របស់ស្ត្រី មិនថាការរំលូតដោយប្រើថ្នាំ ឬការរំលូតដោយវិធីវះកាត់នោះទេ ហើយកាន់តែធ្ងន់ធ្ងរនោះ គឺការរំលូតដោយគ្មានសុវត្ថិភាព។ ហេតុដូច្នេះ ការរៀបចំផែនការគ្រួសារ គឺជារឿងដែលគូស្វាមីភរិយាគួរ តែគិតគូ និងជ្រើសរើសឱ្យសមស្របទៅនឹងស្ថានភាពរៀងៗខ្លួន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការអប់រំ និងការផ្សព្វផ្សាយព័ត៌មានបានគ្រប់ជ្រុងជ្រោយ គឺជាកត្តាចាំបាច់ដែលអាចជួយផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍ ជាពិសេសក្នុងចំណោមបុរសដែលតែងតែគិតថាខ្លួនជាអ្នកមាន សិទ្ធិក្នុងការជ្រើសរើសការរៀបចំផែនការគ្រួសារ។ ចំណេះដឹង និងព័ត៌មាន ជាអាវុធបន្សាបអំពើហិង្សា ការរំលោភ និងការបៀតបៀននៅក្នុងសហគមន៍។ ហេតុដូច្នេះហើយបានជាក្រសួងព័ត៌មានរៀបចំសិក្ខាសាលានេះឡើង ដើម្បីឱ្យមន្ត្រីរបស់យើង មិនថាអ្នកសារព័ត៌មាន ឬមន្ត្រីជំនាញ ចូលរួមបញ្ហាបចំណេះដឹងដែលយើងទទួលបាននៅថ្ងៃនេះ នៅតាមសហគមន៍ ឬមូលដ្ឋានរបស់ខ្លួន ទៅតាមលទ្ធផលដែលអាចធ្វើបាន។

គួរឱ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព» ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដើម្បីពង្រឹងចំណេះដឹងដល់មន្ត្រីនៃក្រសួងព័ត៌មាន ពិសេសមន្ត្រីនៅអគ្គនាយកដ្ឋានវិទ្យុជាតិ (RNK), ទូរទស្សន៍ជាតិ (TVK) និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីឱ្យមន្ត្រីមានចំណេះដឹង ការយល់ដឹងក្នុងការសរសេរអត្ថបទ ព្រមទាំងបង្កើតកម្មវិធីផ្សេងៗពាក់ព័ន្ធនឹងការ «រំលូតដោយសុវត្ថិភាព» សម្រាប់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ស្ត្រី ជាពិសេសយុវតីនៅតំបន់ជនបទដាច់ស្រយាល ជាមួយក្រសួងសុខាភិបាល៕