(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកត់សម្គាល់នូវចំណុចពិសេស ដែលជាការយល់ឃើញផ្ទាល់លើកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២-៣ ខែមិថុនាឆ្នាំ២០២៥នេះ ថាជាព្រឹត្តិការប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវដំណើរ នៃកាអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព តាមរយៈការនាំមកនូវការជួបជុំគ្នា ដោយមានលក្ខណៈចម្រុះ ពហុបក្ស ពិគ្រោះយោបល់គ្នាដោយបើកចំហរ ចូលរួមមតិយោបល់ ផ្តល់អនុសាសន៍ និងស្តាប់នូវការបកស្រាយ ជុំវិញប្រធានបទដែលមានសារសំខាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ការពិភាក្សាយ៉ាងផុសផុលពីអង្គសមាជ រយៈពេល២ថ្ងៃពេញ ក៏បានបង្ហាញពីស្មារតីឯកភាពផ្ទៃក្នុង និងឆន្ទៈដ៏រឹងមាំមុះមុតរបស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្តវេន ក្នុងគោលដៅដឹកនាំរួមតែមួយ ដោយមានការគិតគូរបន្ថែមជាទស្សនៈ និងវិធីសាស្ត្រថ្មី ឈរលើ ខឿនដ៏រឹងមាំដែលមានស្រាប់ ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។

លើសពីនេះទៀតសោត សមាជនេះ មិនត្រឹមតែបានផ្តល់វេទិកាពិគ្រោះយោបល់ដោយបើកចំហ ទាំងអង្គនីតិបញ្ញតិ និងសមាជិករាជរដ្ឋាភិបាលតំណាងអង្គនីតិប្រតិបត្តិ តែក៏ត្រូវបានបង្ហាញជាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបញ្ជាក់ថាក្នុងនាមជាខ្មែរយើងចេះធ្វើការរួមគ្នា និងដោះស្រាយបញ្ហាជាមួយគ្នា។ នេះបើតាមអ្វីដែលឧបនាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ានី បានគូសបញ្ជាក់។

សូមជម្រាបថា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្តចំប៉ាចារ៍ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពិសំណាក់សមាជិកព្រឺទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបចំនួ៧៧០អង្គនាក់៕