(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាជព្រឹទ្ធសភា រដ្ឋសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មានអ្នកខ្លះជេរសម្តេច តែមិនមែនគេជាប្រឆាំងសម្តេចនោះទេ ប៉ុន្តែគេជេរក្នុងគោលដៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយសមាជិកប្រឆាំងខ្លះ ក៏ជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជាដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំបន្តសមាជនៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះជេរ ហ៊ុន សែន មិនមែនប្រាកដថា ជាអ្នកប្រឆាំង ហ៊ុន សែន ទេណា ជួនកាលជេរ ហ៊ុន សែន ដើម្បីចូលទេ ប្រាប់ឲ្យហើយ។ ដូចឯកឧត្តម ឡុង ប៊ុ​ន្នី​ ជាតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែជាមនុស្សរបស់គណបក្សប្រជាជនទេតើ។ សង្គ្រោះជាតិ អ្នកឲ្យឈរទេតើ»

សម្តេចតេជោ បានលើកឧទាហរណ៍ថា លោក ឡុង ប៊ុន្នី​ ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែកាលនោះ អតីតគណបក្សសង្គ្រោះជាតិយកគាត់ទៅឈរឈ្មោះតំណាងរាស្ត្រ។ ករណីនេះដែរ កាលគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោត ក៏យកមនុស្សគណបក្សប្រជាជនកម្ពុជា ទៅឈរឈ្មោះ​ ហើយសម្តេចតេជោ ក៏សម្រួលឲ្យទៅ អីចឹងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បាត់សំឡេងយ៉ាងច្រើន។

សម្តេចតេជោ លើកឡើងថា នេះហើយយុទ្ធសាស្ត្ររៀបចំគណបក្សរបស់សម្តេច៕