(ជប៉ុន)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រមាណ ១៣៥ក្រុមហ៊ុន នៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមការសម្របសម្រួលរៀបចំដោយ សមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។
កិច្ចប្រជុំទាំងនេះ មានគោលបំណងជំរុញ និងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។
ឆ្លៀតក្នុងឱកាសនៃជំនួបទាំងនេះ លោករដ្ឋមន្រ្តីក៏បានផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះ មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថល។
គួរបញ្ជាក់ផងដែរថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Next Make ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាអាចបំពេញការងារនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
តាមរយៈកម្មវិធីនេះ និស្សិតឆ្នាំទី៣និងទី៤ត្រូវទទួលការបណ្តុះបណ្តាលភាសាជប៉ុននិងជំនាញបច្ចេកវិទ្យាឌីជីថល ហើយបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិត នឹងមានឱកាសទទួលបានការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានានៅប្រទេសជប៉ុន។