(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបានរៀបចំខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា នៅវិទ្យាល័យ ហ៊ុន សែនស្ទឹងត្រែង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។​

លោក សរ សុពុត្រា បានថ្លែងថា នៅកម្ពុជា មិនត្រឹមតែអនុវត្តបាននូវសិទ្ធិ លទ្ធិប្រជាធិបតេយ្យនោះទេ គឺបានផ្តោតសំខាន់បំផុតទៅដល់សិទ្ធិកុមារ ដែលត្រូវបានអនុវត្តជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែ យើងកំណត់យកថ្ងៃទី១ មិថុនា ជាសិទ្ធិកុមារអន្តរជាតិ នេះគឺ ក្នុងនាមរដ្ឋាភិបាលអនុវត្តព្រមៗគ្នាដោយកំណត់យកថ្ងៃ ១ មិថុនា ជាទិវាកុមារអន្តរជាតិ  តែសិទ្ធិរបស់កូនៗ គឺមិនអាចរំលោភសិទ្ធិឪពុកម្តាយ ឬអ្នកដទៃនោះទេ ហើយមិនមែនយកសិទ្ធិរបស់ខ្លួន បែរជាមិនស្តាប់ដំបូន្មានរបស់គ្រូនោះទេ ដូចនេះយើងទាំងអស់គ្នាត្រូវធ្វើយ៉ាងណាជាកូនល្អ សិស្សល្អ ដែលសង្គមកំពុងត្រូវការកូនៗទាំងអស់គ្នាគឺជាទំពាំងស្នងឫស្សី មានភារកិច្ចចម្បងដើម្បីការពារថែរក្សាបូរណភាពទឹកដី ថែរក្សាអធិបតេយ្យភាពជាតិ ការពារសង្គមជាពិសេសការពារ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព និងព្រះមហាក្សត្រ។

ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិ ជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយយកកត្តាមនុស្ស ជាអាទិភាពគន្លឹះទី១ និងបានដាក់ចេញវិធានការគន្លឹះនានា សម្រាបវិស័យអប់រំ យុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ផងដែរថា នៅក្នុងឱកាសដដែលនោះ លោក សរ សុពុត្រា អភិបាលខេត្ត បានឧបត្ថម្ភ ឧបករណ៍ភ្លេងកាយរិទ្ធជាតិ ចំនួន៣០សម្រាប់ ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងប្រគល់សៀវភៅសរសេរ៣០០០ក្បាល និងប៊ិច ចំនួន៣០០០ដើម ចែកជូនដល់សិស្សានុសិស្សបានចូលរួមក្នុងកម្មវិធី៕