(តាកែវ)៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃ អង្គារ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំដង្ហែរក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News» ដោយរៀបចំនៅវិទ្យាល័យឈើទាល ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ព្រមទាំងមានការដង្ហែរក្បួនចាក់ឃោសនស័ព្ទមេក្រូ នៅតាមដងផ្លូវសំខាន់ៗនានានៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។

លោក ពៅ សាខន អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានឱ្យដឹងថា គោលបំណងនៃការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅពេលនេះគឺដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យមានការយល់ដឹងពីពត៌មានក្លែងក្លាយ ហើយព័ត៌មានក្លែងក្លាយ គឺនិយាយសំដៅដល់ព័ត៌មានមិនពិត ព័ត៌មានញុះញង់ រើសអើង ឱ្យប្រើអំពើហង្សាដែលត្រូវបានគេកែច្នៃ ប្រឌិតឡើងក្នុងទម្រង់ជាអត្ថបទ រូបភាព សំលេង ឬវីដេអូ ហើយយកទៅផ្សព្វផ្សាយលើប្រព័ន្ធអ៉ីនធឺណេត ឬនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដែលវានឹងទាញការកេញចំណេញលើអាជីវកម្មនយោបាយ ជាពិសេសវាបង្កភាពចលាចលនៅក្នុងសង្គម។

បើតាមលោក ពៅ សាខន ព័ត៌មានក្លែងក្លាយបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដូចជា ផលប៉ះពាល់ខ្លួនឯង ក្រុមគ្រួសារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច នយោបាយ និងនាំឱ្យបងប្អូនប្រជាពលរដ្ឋបាត់បង់លើការដឹកនាំរបស់អាជ្ញាធរ ឬមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដូច្នេះ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនេះក្រសួងព័ត៌មាន បានបង្កើតយុទ្ធសាស្រ្តមួយដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺមិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនចែករំលែកព័ត៌មានក្លែងក្លាយ និងមួយទៀតត្រូវផ្សព្វផ្សាយ និងចែករំលែកតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។

ឆ្លៀតក្នុងឱកាសនោះ អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវជួយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មិត្តភ័ក្រ និងក្រុមគ្រួសារខ្លួន និងមិនត្រូវធ្វើការចែករំលែកព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់នោះទេ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពោលកន្លងមកមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើសកម្មភាពជាញឹកញាប់ក្នុងការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មហាជន និងបានជួបជុំជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយថែមទៀតផង៕