(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុងប្រវែង៣.៧គីឡូម៉ែត្រ ក្នុងនោះមានសំណង់សិល្បការ ចំនួន៤កន្លែង មានទីតាំងពីភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទៅកាន់ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឆ្លងកាត់ស្ទឹងជីនិត រួមមាន ស្ពានថ្មប្រវែង៧២ម៉ែត្រ ទទឹង៨ម៉ែត្រ, លូប្រអប់ចំនួន៣កន្លែង និងលូមូលចំនួន១កន្លែង។

លោក នួន ផារ័ត្ន បានថ្លែងថា ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នា ដោយតភ្ជាប់គ្នារវាងស្រុកសន្ទុក និងស្រុកបារាយណ៍។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេសរំពឹងថា នឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

លោកសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឲ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លោក នួន ផារ័ត្ន បញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឲ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕