(កណ្ដាល)៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបង្ហាញទៅកាន់ភ្ញៀវអន្ដរជាតិ ដែលបានមកកាន់ព្រលានយន្ដហោះនេះថា កម្ពុជា គឺជាប្រទេសទំនើប និងមានចក្ខុវិស័យវែងឆ្ងាយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ច អំពីវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្របពេលដែលលោកបានចុះមកទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចំនួន៥ដងកន្លងមកហើយនោះ, លោក Dominic Williams បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍ថា ភ្ញៀវអន្ដរជាតិដែលមកទីនេះ នឹងមើលឃើញថា កម្ពុជាគឺជាប្រទេសទំនើប ដែលមានចក្ខុវិស័យ សម្រាប់អនាគត»

បន្ថែមពីនោះទៀត លោកគិតថា នៅពេលដែលភ្ញៀវអន្តរជាតិ មកព្រលានយន្តហោះថ្មីនេះ ពួកគេនឹងមើលឃើញសក្តានុពលដែលកម្ពុជាមាន ហើយរាល់ដងពេលមានភ្ញៀវ ដែលមកតាមរយៈស្ថានទូតអង់គ្លេស ពីចក្រភពអង់គ្លេស ពួកគាត់ប្រាប់យើងថា «កម្ពុជាល្អជាងអ្វី ដែលគាត់បានឃើញ មុនពេលគាត់មកដល់ទីនេះ»

លោក Dominic Williams បានលើកឡើងថា ព្រលានយន្តហោះថ្មីនេះ នឹងផ្លាស់ប្ដូរឥរិយាបទភ្ញៀវអន្តរជាតិ ចំពោះប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលមានសារៈសំខាន់ គឺជាប្រជាជនកម្ពុជា មានមោទនភាព លើព្រលានយន្តហោះថ្មីនេះ ពីព្រោះព្រលានយន្តហោះនេះ បង្ហាញអ្វីដែលកម្ពុជា អាចធ្វើបាន។

លោកបានឲ្យដឹងទៀតថា លោកតែងតែលើកយកនូវសមទ្ធិផល នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញទៅកាន់ក្រុមហ៊ុន នៅអង់គ្លេស និងរដ្ឋាភិបាលអង់គ្លេស ហើយលោកតែងតែ ចូលរួមផ្សព្វផ្សាយ អំពីអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ តាមរយៈវីដេអូខ្លីៗ នៅលើបណ្តាញសង្គមរបស់លោកផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕