(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២ មិថុនា ឆ្នាំ២០២៥នេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ៨ម៉ឺននាក់ បានស្នើសុំចុះឈ្មោះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» កាលពីថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមទិន្នន័យដែលបង្ហាញដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា «គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មានបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៨០​ ៤២១ នាក់បានស្នើសុំចុះឈ្មោះ ដោយក្នុងនោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចុះឈ្មោះជាកម្មករ-និយោជិតមានចំនួន ៣.២៤៦ សហគ្រាសធុនមីក្រូចំនួន ១.៧៧៣ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៧៥.៤០១»

ក្នុងឱកាសឆ្លើយបំភ្លឺ ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ​ពាក់ព័ន្ធការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាយប់ថ្ងៃទី២ មិថុនា ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ​គ្មានការបង្ខិតបង្ខំ និងមិនតម្រូវឱ្យមានការបង់ថ្លៃនោះ​ឡើយ ហេតុដូច្នេះហើយ ទើបល្បឿននៃការចុះឈ្មោះ ហាក់មិនទាន់ផុសផុលខ្លាំងនៅឡើយ ដោយក្នុងមួយថ្ងៃទទួលបានអ្នកចុះឈ្មោះប្រមាណជាង ១ពាន់ និងថ្ងៃខ្លះឈានទៅដល់៣ពាន់​។

យ៉ាងនេះក្តីលោកបានលើកឡើងថា ​ក្រសួងមានមោទនភាពចំពោះល្បឿននៃការចុះឈ្មោះនេះ ពីព្រោះតាមរយៈការចុះឈ្មោះនេះ ​សង្កេតឃើញថា​ បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចុះឈ្មោះតាមថ្នាលជីឌីថល ឬតាមទូរសព្ទដៃ មានរហូតដល់៨៨% ខណៈ១២% ប៉ុណ្ណោះដែលទៅចុះឈ្មោះតាមបញ្ជរធនាគារ។ ការណ៍នេះបានសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការចុះឈ្មោះនេះ មានសារៈសំខាន់ណាស់ ដែលធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនចំណាយពេលច្រើន។

​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអនុញ្ញាត ឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារ SME និង ធនាគារ ARDB។ ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​៕