(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ ​បានឯកភាពគ្នាពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទាក់ទង នឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យា ដោយអនុវត្តកម្មវិធីសិក្សាផ្តោតលើឧស្សាហកម្ម។

ការបង្ហាញនេះបានធ្វើឡើងក្នុងជំនួបរវាងលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ហេង សួរ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ដែលដឹកនាំដោយលោកស្រីបណ្ឌិត Martina Habibes អ្នកជំនាញផ្នែកគំនិតផ្តួចផ្តើម VB4-នាំចេញថាមពល, កម្មវិធីអភិវឌ្ឍន៍ទីផ្សារនៃក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុសហព័ន្ធ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

នា​ឱកាសនោះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានចែករំលែកព័ត៌មាន និងបង្ហាញពីស្ថានភាពនៃការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីជាពុទ្ធិបន្ថែម សម្រាប់គណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ក្នុងការឈ្វេងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ក៏បានបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈការជួយគាំទ្រគម្រោងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋ និងយុវជន ដើម្បីជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមចក្ខុវិស័យ និងគោលនយោបាយដ៏វែងឆ្ងាយ ដើម្បីសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា៖ «យើងចង់ឃើញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ច នៃប្រទេសអាល្លឺម៉ង់កាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីឈានដល់បង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយរួមគ្នាឱ្យបានឆាប់ៗ។ កម្មវិធី TVET បើកចំហកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសដៃគូដែលមកពីសហគមអ៊ឺរ៉ុប»

ជាការឆ្លើយតប តំណាងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់បានឯកភាព និងបង្ហាញជំហរក្នុងការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។ លើសពីនេះ គណៈប្រតិភូអាល្លឺម៉ង់ មានបំណងចង់ពិភាក្សាលម្អិតបន្ថែមទៀត ជុំវិញកិច្ចសហប្រតិបត្តិការនេះនាពេលក្រោយទៀត៕