(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានចែករំលែកយុទ្ធសាស្ត្រកសិកម្មដាក់ចេញកាលពីឆ្នាំ១៩៨៧ ដែលសម្តេចហៅថា ការអភិវឌ្ឍបែបទូលាយ (ការធ្វើកសិកម្មតាមបែបប្រពៃណីខ្មែរ) និងការអភិវឌ្ឍបែបស៊ីជម្រៅ (គឺការដោះស្រាយបញ្ហាទឹក បង្កើនរដូវដាំដុះ ធ្វើប្រពលវប្បកម្ម បង្កើនទិន្នផល និងការកាត់បន្ថយព្រៃឈើ ដើម្បីធ្វើកសិកម្ម ជាមួយនឹងការកើនឡើងចំនួនប្រជាជន)។
ការចែករំលែកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅនៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៥នេះក្នុងឱកាសដែលសម្តេច បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា នៅឆ្នាំ១៩៨៧ គ្រានោះរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពចំនួន៤ រួមមាន៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ខណៈអាទិភាពទាំង៤នេះ ត្រូវបានរក្សារហូតមករាជរដ្ឋាភិបាលនីតិកាលទី៧ ប៉ុន្តែ សម្រាប់នីតិកាលទី៧ ត្រូវបានបន្ថែមវិស័យអាទីភាពមួយទៀត គឺបច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងដំណាក់កាលនោះ គឺរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើវិស័យកសិកម្ម គឺការដោះស្រាយទឹក ដែលគ្រានោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧបនាយករដ្ឋមន្ត្រី ជា សុទ្ធ ជារដ្ឋមន្ត្រីក្រសួងផែនការ ដោយបានប្រឹងប្រែងធ្វើការរួមគ្នា ដោយបានដាក់ចេញនូវប្រធានបទស្តីពី «ការអភិវឌ្ឍតាមបែបទូលាយ ដោយផ្ទេរទៅកាន់ការអភិវឌ្ឍតាមបែបបែបស៊ីជម្រៅវិញ»។
ចំណុចនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទម្លាប់របស់ប្រជាពលរដ្ឋកម្ពុជា បើសិនមានប្រជាជន៥នាក់ ត្រូវមានដី ១ហិកតា នេះជាឧទាហរណ៍ ហើយបើសិនជាមានចំនួនគ្រួសារ កើនឡើង១០នាក់ ត្រូវបានដី ២ហិកតា ដូច្នេះ ប្រសិនបើបន្តឱ្យស្ថានភាពបែបនេះវានឹងនាំទៅដល់ការខ្ជះខ្ជាយកម្លាំងពលកម្ម នាំទៅដល់ការរុករាន កាប់ព្រៃឈើដើម្បីធ្វើស្រែ ចម្ការ កាន់តែច្រើនឡើង។ ដោយមើលឃើញស្ថានភាពបែបនេះ រដ្ឋាភិបាលបានពង្រីកសមត្ថភាពចិញ្ចឹមប្រជាជននៅលើផ្ទៃដីដែលមានស្រាប់ មានន័យថា រដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហាទឹក ដើម្បីបង្កើនរដូវដាំដុះ ព្រមទាំងធ្វើប្រពលវប្បកម្មដើម្បីបង្កើនទិន្នផល។
«ត្រង់នេះហើយ គឺជាពាក្យថា ស៉ីជម្រៅ មានន័យថា ផ្ទៃដី ១ហិកតាដដែល ដែលធ្លាប់តែចិញ្ចឹមប្រជាជន៥នាក់ យើងនឹងខិតខំធ្វើឱ្យចិញ្ចឹមប្រជាជន ១០នាក់ ឬ ២០នាក់ ឬ ៣០នាក់ និងតាមរយៈផ្ទៃដីដដែល ក៏ប៉ុន្តែ ដោះស្រាយទឹក បង្កើនរដូវដាំដុះពីម្តង ទៅ២ដង ឬ៣ដង ក្នុង១ឆ្នាំ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំពោះរឿងដោះស្រាយបញ្ហាទឹកដើម្បីស្រោចស្រពដំណាំរបស់កសិករ គឺលោក លឹម គានហោ អតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក គឺជាប្រតិបត្តិករដ៏ល្អ ដែលបានចូលរួមទៅលើការដោះស្រាយបញ្ហាទឹកជូនកសិករ បន្ទាប់ពីបង្កើត បន្ទាប់ពីបង្កើតក្រសួងធនធានទឹក និងឧត្តុនិយម។
សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកថា សូម្បីតែមកដល់ឆ្នាំ២០០២ ប្រទេសកម្ពុជា នៅប្រើប្រាស់អង្ករពលកម្ម ដើម្បីធ្វើប្រព័ន្ធប្រឡាយទឹក ខណៈខ្លួនសម្តេច និងលោក លឹម គានហោ បានចេញទៅបំពេញបេសកកម្មជីកប្រឡាយទឹកដោយផ្ទាល់តភ្ជាប់ពីរលាំងជ្រៃ ខេត្តកំពង់ស្ពឺ ដើម្បីតភ្ជាប់ប្រឡាយក្នុងស្រុកអង្គស្នូល ខេត្តកណ្តាល និងតភ្ជាប់មកដង្កោ រាជធានីភ្នំពេញ។ គ្រានោះទាំងសម្តេច ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល បានចូលជីកប្រឡាយ ដោយបានជួយឧបត្ថម្ភអង្ករ ជូនប្រជាពលរដ្ឋ ដោយក្នុង ១ម៉ែត្រគីប ជូនអង្ករពលរដ្ឋចំនួន ៣គីឡូក្រាម ខណៈដែលបានជួបជជែកដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ សម្តេចក៏បានសម្រេចបន្ថែមការឧបត្ថម្ភត្រីខ អំបិល ព្រមទាំងគ្រឿងទេសមួយចំនួនជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តាមរយៈការប្រឹងប្រែងដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្រចាក់បញ្ចូលទៅដល់ដីកសិកម្មរបស់ប្រជាពលរដ្ឋនាគ្រានោះ បានធ្វើឱ្យផ្ទៃ ១ហិកតា ដែលពីមុនមានលទ្ធភាពចិញ្ចឹមប្រជាជនតែ៥នាក់ ឡើងរហូតដល់១០នាក់ និងច្រើនជាងនេះផងដែរ។ បច្ចុប្បន្ននេះ អត្រានៃការចូលរួមចំណែករបស់វិស័យកសិកម្មនៅកម្ពុជា នៅសល់តែ១៦,៧ភាគរយ តែប៉ុណ្ណោះ ខណៈពីអតីតកាលវិស័យកសិកម្ម បានចូលរួមចំណែកជាង ៨០ភាគរយ លើការអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើយើងងាកត្រឡប់ទៅអតីតកាលអត្រាចូលរួមចំណែករបស់វិស័យកសិកម្មជាង ៨០ភាគរយ គ្រានោះប្រជាជនកម្ពុជា ខ្វះអង្ករសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែ ១៦,៧ភាគរយ នៅពេលបច្ចុប្បន្ននេះ កម្ពុជា បែរជាមានស្រូវប្រមាណ ៧លានតោន ដែលស្មើនឹងអង្ករប្រមាណជាង ៤លានតោន សម្រាប់នាំចេញ បូករួមជាមួយកសិផលជាច្រើនទៀតដូចជាស្វាយចន្ទី កៅស៊ូ ព្រមទាំងផលិតផលកសិកម្មដទៃទៀតដែលកម្ពុជា បាននាំចេញទៅបរទេសជាដើម។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ត្រូវចងចាំ កុំឃើញអត្រាកសិកម្ម ដែលគិតជាភាគរយថយចុះ ប្រៀបធៀបនឹងផលិតផលសរុប ហើយចាត់ទុកថាប្រទេសនេះចុះខ្សោយ។ ត្រូវមើលប្រទេសដែលជឿនលឿន ដូចជាជប៉ុន អាម៉េរិក និងបារាំង ការចូលរួមក្នុងវិស័យកសិកម្មមានប្រមាណតែ១ភាគរយប៉ុណ្ណោះ ប៉ុន្តែ ១ភាគរយរបស់គេ អាចចិញ្ចឹមប្រជាជនខ្លួនឯងបាន និងអាចនាំចេញមកក្រៅប្រទេសទៀត ប៉ុន្តែ វិស័យឧស្សាហកម្ម និងសេវាកម្មបានរីកធំ ខណៈកម្ពុជា ក៏ដូចគ្នាដែលបច្ចុប្បន្ននេះ វិស័យឧស្សាហកម្មបានរីកធំ ដូច្នេះ ត្រូវបំព្រួញវិស័យកសិកម្ម តែមានន័យថាវិស័យកសិកម្មនៅកម្ពុជា មានការថយចុះនោះទេ»។
ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាធនធានទឹក, ត្រូវបានសម្តេចតេជោ ហ៊ុន សែន បន្តរម្លឹកថា គ្រាដែលសម្តេចកំពុងជិះឧទ្ធម្ភាចក្រជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅឆ្នាំ២០០៤ ឆ្ពោះទៅកាន់ប៉ោយប៉ែត ដើម្បីតភ្ជាប់ផ្លូវរថភ្លើង សម្តេចបានចង្អុលទៅកាន់ផ្ទៃដីនៅខាងក្រោមថា «នោះជាសក្តានុពលរបស់កម្ពុជា ដែលនៅសេសសល់» រឿងនេះធ្វើឱ្យប្រធានធនាគារអាស៉ី បង្ហាញពីការងើងឆ្ងល់ថា វាលស្រែគ្មានទឹកបែរជាសក្តានុពល តែសម្តេចបានបញ្ជាក់ថា ផ្ទៃរបស់កម្ពុជា មានលទ្ធភាពបង្កបង្កើនផលបានតែម្តងក្នុង ១ឆ្នាំ ប៉ុន្តែ បើកម្ពុជាដោះស្រាយបញ្ហាទឹកអាចមានលទ្ធភាពធ្វើស្រូវបាន២ដង ឬ៣ដងក្នុង ១ឆ្នាំ ខណៈសមត្ថភាពបង្កបង្កើនទិន្នផលស្រូវរបស់កម្ពុជា គឺធំធេងណាស់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលណាដោះស្រាយបញ្ហាទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មរួចរាល់ ច្បាស់ណាស់នឹងធ្វើឱ្យដំណាំទាំងអស់នឹងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕