(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ សន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោក លើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ និងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ «បរិវិត្តកម្មទេសចរណ៍ និងនិរន្តរភាព» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសមួយ ចំនួនក្នុងតំបន់ និងស្ថាប័នដៃគូសំខាន់ៗមួយចំនួនទៀតផងដែរ។
នាឱកាសសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤នេះ រដ្ឋមន្ត្រី ហួត ហាក់ នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងការចែករំលែកបទពិសោធ និងការអនុវត្តល្អ ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបនិរន្តរភាពនៅកម្ពុជា និងផ្តល់នូវអនុសាសន៍ក្នុងការធ្វើបរិវិត្តកម្មទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់ ក៏ដូចជាពិភពលោក។ អង្គសន្និសីទ នឹងដាក់ចេញនូវទិសដៅ និងអនុសាសន៍ក្នុងការប្រែក្លាយឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់ និងពិភពលោក ទៅជាទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់។
ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ រដ្ឋមន្ត្រី ហួត ហាក់ នឹងជួបប្រជុំទ្វេភាគីជាមួយ ថ្នាក់ដឹកនាំខេត្ត និងផ្នែកឯកជនមួយចំនួននៃប្រទេសកូរ៉េ និងប្រធានស្ថាប័នទេសចរណ៍ នៃប្រទេសមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។
ដោយឡែក ក្រសួងទេសចរណ៍ ក៏ដឹកនាំផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ចូលរួមក្នុងពិព័រណ៍ ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ (The 40 Seoul International Travel Fair) ដោយរំពឹងថានឹង មានប្រតិភូចូលរួមមកពីប្រមាណជាង៤០ប្រទេស ស្តង់ពិព័រណ៍ (Booths) ចំនួន ៥០០ អ្នកលក់ (Sellers) ចំនួន ៧៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន ៨០០ក្រុមហ៊ុនផងដែរ៕