(ភ្នំពេញ)៖ លោក ស សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖
*ទី១៖ ញុះញង់ឲ្យមានការរើសអើង
*ទី២៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព
*ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦ មាត្រា ៤៧២ និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា បុគ្គល ហង្ស សំណាង និងបក្ខពួក២នាក់ទៀតបានបង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនេះជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕