(ភ្នំពេញ)៖ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាបញ្ជាក់ថាបន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែនថ្មីៗនេះ ជាមួយប្រទេសថៃ និងបានឃើញការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់ និងបញ្ឈប់បញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ រួមមានករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការអន្តរជាតិតែមួយគត់ ដែលអាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ ក៏ដូចជាទប់ស្កាត់ការឈ្លានពានលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមអំពាវនាវឱ្យមានការឯកភាពជាតិតែមួយដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងដើម្បីពង្រឹងស្មារតីជាតិនិយមលើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕