(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ បានប្រកាសឧបត្ថម្ភថវិកា ៥០០លានរៀល ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដែលថវិកាឧបត្ថម្ភទាំងនេះ បានមកពីការប្រមូលពីកម្មវិធីជិះកង់អង្គរលើកទី៣ ចំនួន១២០០លានរៀល ដោយដកមួយចំណែកជូនមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប និងមួយចំណែលជូនកងទ័ពសមរភូមិមុខ។
ការចូលរួមឧបត្ថម្ភថវិការបស់ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕