(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។ ជារួមលទ្ធផលនៃចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ មានចំនួន ២៣២បង្គោល។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ ក្រុមការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ នឹងចាប់ផ្តើមបោះបង្គោលបន្តចាប់ពីព្រំប្រទល់ខេត្តកណ្ដាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលគ្រោងបោះបង្គោលប្រមាណ៥០៦បង្គោលបន្ថែមទៀត។
គួរបញ្ជាក់ថា សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបញ្ចប់ការងារវាស់វែង ក្បាលដី ដែលរងផលប៉ះពាល់រួចរាល់។
ក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកណ្តាល កំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៥ខាងមុខ។
ដោយឡែកសម្រាប់ចំនួនគ្រឿងចក្រដែលត្រូវធ្វើការប្រើប្រាស់ក្នុងការសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ជារួមក្រុមហ៊ុនសាងសង់បានត្រៀមគ្រឿងចក្ររួចរាល់ រង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ) ទើបការសាងសង់ចាប់ផ្តើមបាន៕