(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទៅកាន់រដ្ឋាភិបាល ប្រើប្រាស់យន្តការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ការជម្រុញ និងណែនាំរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងសមាជជាលើកដំបូងរវាងរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម រយៈពេល២ថ្ងៃ ចាប់ផ្តើមនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

ជាការពិតណាស់ការប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្សែបន្ទាត់ព្រំដែន គឺជារឿងមួយដែលមិនអាចរំលងបាន និងត្រូវតែធ្វើឱ្យអស់លទ្ធភាព ប៉ុន្តែជាមួយគ្នានេះយើងក៏មិនត្រូវភ្លេចដែរ នូវយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចូលរួមដោះស្រាយលើបញ្ហាមួយនេះ។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមផ្ដល់អនុសាសន៍ចំពោះរាជរដ្ឋាភិបាលផងដែរ ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើង ដែលរឿងនេះកំពុងតែក្ដីនៅតុលាការ ឬយើងមិនទាន់ដាក់ពាក្យ សូមកុំភ្លេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដូចដែលធ្លាប់បានធ្វើរួចមកហើយ ប្រសិនបើមានការបំពាន យើងវាយទប់នៅកន្លែងក្នុងផ្នែកយោធា ប៉ុន្តែការទូតត្រូវតែទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខ ដូចកាលពីឆ្នាំ២០១១។ សូមកុំភ្លេច UNSC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុខតែនឹងជួយជម្រុញលើកទឹកចិត្ត ឱ្យមានការដោះស្រាយតាមផ្លូវចរចា និងផ្លូវច្បាប់»

សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៀតថា៖ «កម្ពុជាអត់ចង់មានសង្រ្គាមអីទេ សង្រ្គាមវាលើសពីការគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា កម្ពុជាអត់មានបំណងប្រាថ្នាណាមួយដើម្បីយកទឹកដីនរណាទេ តែសូមរក្សាទឹកដីរបស់ខ្លួន ដែលបង្សល់ទុកដោយអណានិគមនិយមបារាំង ហើយបានបន្តដោយព្រះបិតាជាតិ ព្រះបរមរតនៈកោដ យើងអត់ចង់បានរបាស់នរណាទេ។ ព្រោះវាបាត់នោះវាបាត់អស់ធំណាស់ទៅហើយ នៅសល់កូនប៉ុនបាតដៃ យើងរក្សាប៉ុណ្ណឹងបានហើយ កុំទៅចង់រកឯណាទៀត»

ជាមួយគ្នានេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសូមឱ្យអង្គសមាជទាំងមូលធ្វើសេចក្ដីថ្លែងការណ៍មួយក្នុងការគាំទ្ររដ្ឋាភិបាល នាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ដោយទទួលបានសំឡេងបោះឆ្នោតគាំទ្រដោយការលើកដៃពីអង្គសមាជលើចំនួន ១៨២សំឡេងលើ១៨២សំឡេងនៃអង្គសមាជ ដែលមានគណបក្សនយោបាយចូលរួមចំនួន៣គណបក្សចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សហ្វ៊ុនស៊ីនប៉ិក រួមមានតំណាងព្រះមហាក្សត្រ និងសជិកសភាផងដែរ៕