(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រឈមមុខដាក់គ្នា រវាងភាគីទាំងពីរ ពិសេសការឈ្លានពានរបស់ភាគីថៃ ចូលមកបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។
ក្រៅពីថ្លែងអំពីយន្តការនានា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានរំលឹកសម្តីរបស់លោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការភូមិភាគទី២ របស់ថៃ ដែលស្នើឱ្យកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី, សម្តេចបញ្ជាក់ថា សម្តីនេះដូចគ្នាទៅនឹងសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលធ្លាប់ស្នើឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០១១ នៅពេលនោះសម្តេចបញ្ជាក់ទៅវិញថា «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ ផ្ទុយទៅវិញ ថៃទេដែលត្រូវដកកងទ័ពឈ្លានពានចេញពីកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «វាមិនដែលនៅលើពិភពលោក គេទាមទារឱ្យដកកងទ័ពចេញពីទឹកដីរបស់ខ្លួន ហើយរឿងមុំបី កន្លែងសាលារួមចិត្តនេះ ជាសាលារបស់យើង ដែលខ្ញុំធ្លាប់ទៅមើលតាមលានដ្ឋាន មិនមែនព្រំដែនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំទៅដល់ហួសទៅលើថែមទៀត ហេតុអីបានជាមកដល់ពេលមកនេះ វាទៅជាទាមទារឱ្យយើងដក [ដកទ័ព] នេះមិនមែនជាការបំផុសកំហឹងទេ តែរឿងអធិបតេយ្យជាតិ ហើយពេលនេះយើងនឹងដឹងច្បាស់ថា អ្នកណាស្នេហាជាតិ អ្នកណាស្រឡាញ់ជាតិពិតប្រាកដ»។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកសមាជជាលើកដំបូង របស់រដ្ឋសភា និងព្រឹទ្ធសភា ជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា អង្គសមាជទាំងមូល ដែលមានសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ (ICJ)៕