(ភ្នំពេញ)៖ បងបង្អូនខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅកម្ពុជា បាន​ស្បៀង​អាហារ និងថវិកាមួយចំនួនទៅជូនដល់កងទ័ពដែលកំពុងឈរជើងនៅ​តំបន់​មុំ៣ ក្នុងខេត្តព្រះវិហារ។

បងប្អូនខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា ដែលបាននាំយកស្បៀង​អា​ហារ និងថវិកាទៅជូនកងទ័ពនៅតំបន់មុំ៣ កន្លែងកំពុងប្រឈមគ្នាជាមួយ​កង​ទ័ពថៃនៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥នេះ រួមមាន៖ លោក ​សាន​ សាង ​ទីប្រឹក្សា​សម្ដេចតេជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​និង​ជា​​ប្រ​ធានក្រុម​ប្រឹក្សា​ភិបាល​សមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា, ​លោក​ ​សឿង ​សុធានី​ ប្រធាន​ប្រតិបត្តិ​សមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា, លោក ប៉ែន​ អៀតយៀន ព្រម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់សមាគមផងដែរ។

លោក សាន សាង បានបង្ហាញការស្ញប់ស្ញែងចំពោះវីរភាពដ៏អង់អាចក្លា​ហានរបស់ក្នុងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដីពីការរំលោភ​បំពានរបស់សត្រូវ។

សម្រាប់ស្បៀងអាហារដែលបាននាំទៅជូនកងទ័ពនាពេលនេះ លោក សាន សាង ចាត់ទុកជាស្មារតីសាមគ្គីឧបត្ថម្ភគាំទ្រពីសំណាក់បងប្អូនខ្មែរ​កម្ពុជាក្រោម ក្នុងកិច្ចការពារបូរណភាពទឹកដី។

សម្រាប់លោក សាន សាង ស្បៀងអាហារមិនច្រើន តែបានបង្ហាញនូវ​ស្មា​រ​តីនៃការរួមសាមគ្គីដ៏ធំធេង។ ដរាបណាមានការសាមគ្គីរវាងខ្មែរគ្រប់ទី​កម្លាំង គ្មានកម្លាំងអមិត្ត បច្ចាមិត្តណាមកយាយីខ្មែរ រំលោភបំពានខ្មែរបាននោះឡើយ៕