(ភ្នំពេញ)៖ តបតាមការអញ្ជើញរួមរបស់លោក Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) និងលោក Rodrigo Chaves Robles ប្រធានាធិបតីនៃសាធារណរដ្ឋកូស្តារីកា លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា OECD កម្រិតថ្នាក់រដ្ឋមន្ត្រី (OECD MCM) ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលរបស់ OECD នៅថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង។
អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើក OECD MCM អំឡុងពេលពិធីផ្ទេរតំណែងប្រធានកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍របស់ OECD (SEARP) ពីប្រទេសអូស្ត្រាលី និងវៀតណាម មកប្រទេសកាណាដា និងហ្វីលីពីន។
លោកបណ្ឌិត កៅ គឹមហួន ក៏នឹងចូលរួមក្នុងសម័យប្រជុំមួយចំនួន ដោយគូសបញ្ជាក់ពីកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និង OECD ក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ ជំរុញកំណើនប្រកបដោយបរិយាប័្នន និងចីរភាព ព្រមទាំងប្រើប្រាស់កាលានុវត្តភាពនៃបរិវត្តកម្មឌីជីថល។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស អគ្គលេខាធិការអាស៊ាន នឹងមានជំនួបជាមួយបណ្តារដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនមកពីអាស៊ាន និងប្រទេសដៃគូខាងក្រៅរបស់អាស៊ាន សហគមន៍ធុរកិច្ច ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងប៉ារីស ពីថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៥៕