(សៀមរាប)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី៣០ ខែឧសភា គ.ស.២០២៥ បានទទួលគណៈប្រតិភូគណៈកម្មការមូលបត្រឡាវ (LSCO) នៅក្នុងកិច្ចប្រជុំទ្វេភាគីលើកទី៣ និងសិក្ខាសាលាចែករំលែកចំណេះដឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងលោកស្រី Phengsy Phengmuong អគ្គលេខាធិការនៃ LSCO នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ន.ម.ក. និង LSCO ស្ដីពី «ការផ្លាស់ប្ដូរព័ត៌មាន និងការជួយគ្នាទៅវិញទៅមក» ដែលបានចុះកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីការវិវត្តសំខាន់ៗ ចែករំលែកព័ត៌មានអំពីវឌ្ឍនភាពទីផ្សារ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីគាំទ្របរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។ កម្មវិធីនេះ បានបញ្ជាក់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ខណៈដែលអាជ្ញាធរ ទាំងពីរ បាន និងកំពុងខិតខំជំរុញទីផ្សារមូលបត្ររបស់ខ្លួន ដោះស្រាយនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ និងលើកកម្ពស់ការអនុវត្តហិរញ្ញវត្ថុនិរន្តរភាព។
នៅក្នុងសិក្ខាសាលាខាងលើនេះ ន.ម.ក. បានចែករំលែកបទពិសោធន៍ និងចំណេះដឹង ទៅលើប្រធានបទចំនួន ៦ រួមមាន៖ ១). តួនាទីរបស់សហប្រធានគណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ២). បច្ចុប្បន្នភាពទីផ្សារមូលបត្រនៃប្រទេសកម្ពុជា ៣). ការត្រួតពិនិត្យអន្តរការីមូលបត្រ ៤). ការត្រួតពិនិត្យប្រតិបត្តិការទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ៥). ការអភិវឌ្ឍទ្រព្យឌីជីថលនៅកម្ពុជា និង ៦). ហិរញ្ញវត្ថុនិរន្តរភាព។ បន្ថែមពីនេះ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ដែលជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. ទទួលបានការអនុញ្ញាតក្នុងការប្រកបអាជីវកម្មជាភ្នាក់ងារវាយតម្លៃលទ្ធភាពសងនៅក្នុងប្រទេសឡាវ ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោក ស៊ូ សុជាតិ បានលើកឡើងថា “ដំណើររួមគ្នា ដែលចាប់ផ្តើមការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍បច្ចេកទេស ដើម្បីសម្រេចដល់ការផ្សារភ្ជាប់ទីផ្សារពិតប្រាកដ បង្ហាញឱ្យឃើញថាយើងមិនមែនគ្រាន់តែសហការគ្នាប៉ុណ្ណោះទេ គឺយើងបានបង្កើតនូវដំណើរដ៏មានអត្ថន័យដោយការសម្រេចបានសមិទ្ធផលរួមគ្នា។ កិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ព្រោះយើងបានប្តេជ្ញាចិត្តក្នុងការជំរុញទំនុកចិត្តទីផ្សារមូលបត្រ, ពង្រឹងប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងដោះស្រាយតម្រូវការហិរញ្ញប្បទាននៃសេដ្ឋកិច្ច និងសហគមន៍របស់យើង។ នៅក្នុងពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កំពុងផ្លាស់ប្តូរសេវាហិរញ្ញវត្ថុ និងហិរញ្ញវត្ថុចីរភាព ក្លាយជាអាទិភាពចម្បងរបស់សាកលលោក កិច្ចសហការរបស់យើងឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាអាចជំរុញនូវការអភិវឌ្ឍទីផ្សារមូលបត្រដែលប្រកបដោយបរិយាបន្ន ភាពធន់ នវា-នុវត្តន៍ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត” ។
បន្ថែមពីនេះ លោកស្រី Phengsy Phengmuong បានមានប្រសាសន៍ថា “តាមរយៈការអនុវត្តអនុស្ស-
រណៈនៃការយោគយល់គ្នា (MoU) សមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូរបស់យើង រួមបញ្ចូលទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរទាំងពីរ ជាពិសេសទៅលើការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារមូលបត្រ។ ទំនាក់ទំនងនេះ បានអនុញ្ញាតឱ្យនិយ័តកររបស់យើងអនុវត្តនូវឧត្តមានុវត្តន៍, អភិក្រមប្រកបដោយនវានុវត្តន៍ និងរួមបញ្ចូលនូវទស្សនៈថ្មីៗទៅក្នុងគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិរបស់យើង។ ការបន្តការចែករំលែកនេះ មិនត្រឹមតែពង្រឹងសមត្ថភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្ររបស់យើងប្រកបដោយចីរភាព ផងដែរ” ។
កម្មវិធីខាងលើនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ នៃនិយ័តករទាំងពីរ ក្នុងស្មារតីប្ដេជ្ញាបន្តរឹតចំណងមិត្តភាពក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ដៃគូសហការទ្វេភាគី និងក្នុងតំបន់៕