(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បានចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារនៃសព អនុសេនីយ៍ឯក សួន រ៉ោន នូវបច្ច័យបុណ្យ ចំនួន៨លានរៀល ហើយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្រី ក៏បានចូលរួមបច្ច័យចំនួន២លានរៀលផងដែរ។
យុទ្ធជនអនុសេនីយ៍ឯក សួន រ៉ោន បានពលីក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃបានលបលួចប្រហារបណ្តាលឲ្យស្លាប់។
លោក អ៊ុំ រាត្រិ និងលោក កើត វណ្ណារ៉េត សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ រួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូត ដល់ថ្ងៃអវសានជីវិត។
យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពអនុសេនីយ៍ឯក សួន រ៉ោន សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕