(សៀមរាប)៖ ក្នុងដំណើរទស្សនកិច្ចស្ដីពី «បេតិកភណ្ឌ» នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អ្នកសារព័ត៌មានជាង១០ស្ថាប័ន បានជ្រើសរើសយក «សួនរុក្ខជាតិអង្គរ» ដើម្បីទស្សនាកម្សាន្ត និងស្វែងយល់បន្ថែមអំពី ធនធានធម្មជាតិរបស់កម្ពុជា នៅក្នុងរដូវកាលបៃតង (Green Season)។

សូមជម្រាបថា សួនរុក្ខជាតិអង្គរ បានបើកសម្ពោធជាផ្លូវកា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដែលមានទំហំផ្ទៃដីជាង ១៥ហិកតា។ លុះមកដល់ឆ្នាំ ២០២៤ សួននេះបានពង្រីកពីទំហំ ១៥ហិកតាទៅ ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ បច្ចុប្បន្ននេះ សួនរុក្ខជាតិអង្គរ មានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរណ៍។

សួនរុក្ខជាតិអង្គរ ត្រូវបានចែកជា៥ផ្នែក រួមមាន៖ សួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ។ បន្ថែមពីនេះ មានសួនសត្វជាច្រើនប្រភេទដូចជា អណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើម។

សួនរុក្ខជាតិអង្គរ មានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារការៀបចំស្ថិតក្នុងរចនាបទបែបខ្មែរ និងបានយកព្រៃឈើធម្មជាតិ រៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងបរិស្ថានស្អាតសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្រៅពី «តំបន់រមណីយដ្ឋានអង្គរ» សួនរុក្ខជាតិអង្គរ ជាជម្រើសដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ រុក្ខជាតិ និងដំណាំជាច្រើនប្រភេទ។ ជាមួយគ្នានេះ សួនរុក្ខជាតិអង្គរ បានផ្ដល់នូវបរិយាកាសស្រស់ស្អាត និងអាចជាកន្លែងលម្ហែកាយដ៏ល្អបំផុតមួយសម្រាប់ភ្ញៀវទេសចរ។

បើតាម លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានបង្ហាញថា នៅក្នុងថ្ងៃធម្មតាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាមធ្យមប្រមាណ ៤០០ទៅ៥០០នាក់ មកទស្សនាកម្សាន្ត នៅសួនរុក្ខជាតិអង្គរ។ ដោយឡែកសម្រាប់ថ្ងៃចុងសប្ដាហ៍ ភ្ញៀវទេសចរជាមធ្យមប្រមាណ ១០០០នាក់ និងថ្ងៃបុណ្យផ្សេងៗអាចឈានដល់ ៣០០០-៤០០០នាក់ផងដែរ។

ក្រៅពីការអភិរក្សធនធានព្រៃឈើធម្មជាតិ សួនរុក្ខជាតិអង្គរ បានចូលរួមជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរ ។ ជាពិសេស បានបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕