(សៀមរាប)៖ ក្រុមអ្នកសារព័ត៌មានជាង១០ស្ថាប័ន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងរដូវកាលបៃតង (Green Season) ដើម្បីផ្ដិតយករូបភាពស្រស់បំព្រងនៃធម្មជាតិដ៏ខៀវស្រងាត់ក្នុងរដូវកាលនេះ។

ដំណើរទស្សនកិច្ចនេះ ក្នុងឱកាសដែលអាជ្ញាធរជាតិអប្សរាផ្ដួចផ្ដើមគំនិត សហការជាមួយសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប ដឹកនាំអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ ខេត្តសៀមរាប រយៈពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា។

ក្រៅពីការផ្ដិតយករូបភាពបៃតង មន្ត្រីអាជ្ញាធរជាតិអប្សរា ពន្យល់ប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីរបៀបគ្រប់គ្រងសណ្ដាប់ធ្នាប់នៅរមណីយដ្ឋានអង្គរ ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការថែទាំអនាម័យប្រាសាទ ការរៀបចំជួសជុលប្រាសាទជាដើម។

ជាមួយគ្នានេះ មន្ត្រីអាជ្ញាធរជាតិអប្សរា បានស្នើដល់ភ្ញៀវទេសចរទាំងអស់ចូលរួមថែរក្សាតំបន់អង្គរ ដោយរៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ហាមគូសវាសលើជញ្ជាំងប្រាសាទ ស្លៀកពាក់ឲ្យបានសមរម្យ និងរក្សាភាពស្ងៀមស្ងាត់មិនបង្កភាពអនាធិបតេយ្យដល់ទេសចរដទៃ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ អ្នកសារព័ត៌មានបាន ជួបថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា តំណាងក្លិបទេសចរណ៍ខេត្តសៀមរាប វិស័យឯកជន និងទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិ។

បន្ថែមពីនេះ បានសិក្សាស្វែងយល់អំពី សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា រយៈពេល៣០ឆ្នាំ, អត្ថន័យរចនាបថផ្ទះឈើខ្មែរ និងម្ហូបខ្មែរ ដើរតួនាទីសំខាន់ ក្នុងវិស័យទេសចរណ៍, ការងារអប់រំបេតិកភណ្ឌ និងសិប្បកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ, ប្រព័ន្ធធារាសាស្រ្ត-កសិកម្មសម័យអង្គរ និងសារសំខាន់នៃព្រៃឈើដូនតា (ការពារប្រាសាទ និងជាថ្នាំបុរាណ), ទស្សនាផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ, កិច្ចការងារអភិរក្ស និងជួសជុលថែទាំប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្រៅពីការសិក្សា ក្រុមអ្នកសារព័ត៌មាន បានចុះទៅកាន់ទីតាំងផ្ទាល់ ជាមួយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា នៅក្លោងទ្វារទឹកតាសោម ដើម្បីសាកសួរពីរបៀបគ្រប់គ្រងទឹកពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ អ្នកសារព័ត៌មានក៏ចុះទៅផ្ដិតរូបភាពនៅការដ្ឋានជួសជុលប្រាង្គបាកាន្ត នៅក្នុងប្រាសាទអង្គរ ដោយមានក្រុមមន្ត្រីជំនាញបកស្រាយ ពន្យល់ពីរបៀបថែទាំប្រាសាទផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា រៀបចំដំណើរទស្សនកិច្ចនេះ ដើម្បីផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មាន អាចសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងបេតិកភណ្ឌនៅរមណីដ្ឋានអង្គរ ជាពិសេសជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕