(ព្រះវិហារ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំទីប្រឹក្សា អនុប្រធាន ប្រធានក្រុម សមាជិកសមាជិកា ចុះសមរភូមិផ្ទាល់សួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគ-ឧបភោគប្រគល់ជូនលោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស រួមមានថវិកាចំនួន ២០០លានរៀល មីជាតិ ២,០០០កេស និងអង្ករ ៥០តោន ជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ។
ថ្លែងក្នុងឱកាសនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជាមេទ័ពដ៏ឆ្នើមរបស់កម្ពុជា បានដឹកនាំកងទ័ព និងអាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ដែលបានអនុញ្ញាតិឲ្យយុជនបូជាការពារយុត្តិធម៌ ចុះមកជួបផ្ទាល់ដើម្បីសម្តែងនូវការគោរពដល់វីរភាព ស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ។ ទន្ទឹងគ្នានោះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា សូមផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
អ្នកឧកញ៉បានថ្លែងថា «ក្នុងនាមប្រធានយុវជនបូជាការពារយុត្តិធម៌ តែងតែបានណែនាំ និងលើកទឹកចិត្តដល់សមាជិកក្រុមទាំងអស់ ចូលរួមសាមគ្គីគ្នាការពារជាតិរបស់យើង ពិសេសសូមគោរព និងដឹងគុណដ៏ខ្ពង់ខ្ពស់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត លោកតែងតែខិតខំពុះពារគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន ដូច្នេះហើយខ្ញុំមិនរុញរាក្នុងការលះបង់ កុំថាឡើយសម្ភារៈ ទ្រព្យសម្បត្តិ…សម្រាប់ខ្ញុំសូម្បីជីវិតក៏អាចចូលរួម ជាមួយបងៗកងទ័ពបានពេលដែលជាតិត្រូវការ»។
នៅក្នុងឱកាសនោះ លោកនាយឧត្ដមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា «ការចល័តទ័ព និងអាវុធធន់ធ្ងន់ទាំងអស់នេះ មិនមែនដើម្បីគំរាមកំហែងប្រទេសជិតខាងទេ ហើយក៏មិនចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាងដែរ ប៉ុន្តែគឺដើម្បីត្រៀមវាយបកសត្រូវឈ្លានពានក្នុងករណីដែលសត្រូវរំលោភបំពានលើអធិបតេយ្យជាតិកម្ពុជា»។
លោកនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមយុវជនបូជាការពារយុត្តិធម៌ ដែលមកសួរសុខទុក្ខកងទ័ព ហើយបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់កងកម្លាំងជួរមុខឈរជើងតាមព្រំដែន៕