(ព្រៃវែង)៖ លោក ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសទទួលស្គាល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា២២៩នាក់ (ស្រី១២៩នាក់) នៅស្នាក់ការគណបក្សស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមកពីគណបក្សនយោបាយនានា។

លោកបណ្ឌិត ឃួន សុវណ្ណ ក្រុមការងារកសាងសមាជិកគណបក្សខេត្ត បានឲ្យដឹងថា ការប្រកាសបញ្ជូលសមាជិកថ្មីនេះជាលើកទី២១ មានស្រុកស្វាយអន្ទរ២១៤នាក់ (ស្រី១២០នាក់) ស្រុកពោធិរៀង៩នាក់ (ស្រី៧នាក់) ស្រុកពាមរក៍៥នាក់ (ស្រី២នាក់) និងក្រុងព្រៃវែងម្នាក់ សរុបចំនួន២២៩នាក់ (ស្រី១២៩នាក់)។

លោក ស្បោង សារ៉ាត បានថ្លែងថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការបន្តដឹកនាំរាជរដ្ឋាភិបាលដ៏ស្វាហាប់​ និងថាមពលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ ក្នុងការដឹកនាំដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូន ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

បន្ថែមលើសពីនេះលោក ស្បោង សារ៉ាត បានអំពាវនាវបងប្អូនសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាថ្មីទាំងអស់ ត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នាត្រូវមានមនសិការ ស្រឡាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់ គណបក្ស ព្រមទាំងចូលរួមគោរព និងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សឱ្យបានខ្ជាប់ខ្ជួន កុំជឿ ឬស្តាប់ការញុះញង់របស់ជនអគតិណាមួយឡើយ។

ជាមួយគ្នានេះ តំណាងសមាជិកសមាជិកាថ្មីរបស់បក្ស បានសម្តែងភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍អនុវត្តដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការ ចំពោះរាល់ការញុះញង់បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការណ៍ពិត ចំពោះការដឹកនាំគណបក្សប្រជាជនកម្ពុជា៕