(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចែកកាបូប និងសម្ភារសិក្សាជូនដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន ប្រមាណ៣០០នាក់ នាបរិវេណទីស្តីការក្រសួងព័ត៌មាន។

ការរៀបចំពិធីចែកកាបូប និងសម្ភារសិក្សាដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន គឺជាលើកទី២ ហើយនៅក្នុងអាណត្តិ របស់លោក នេត្រ ភក្ត្រា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ខណៈពិធីនេះធ្វើឡើងដើម្បីអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ​១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់»

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អំណោយទាំងនេះ ទទួលបានការគាំទ្រពីក្រុមហ៊ុន មីដាស (Midas) ដែលបានចូលរួមចំណែកចែករំលែកក្តីស្រឡាញ់ជាមួយក្រសួងព័ត៌មាន សម្រាប់នាំយកកាបូប ព្រមទាំងសសម្ភារសិក្សាមកចែកជូនដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាននាឱកាសនេះផងដែរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់ក្រសួងព័ត៌មាន សប្បុរសជននានា ចំពោះកុមារាកុមារី ដើម្បីទទួលបានសម្ភារសិក្សា និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ខិតខំប្រឹងប្រែង សិក្សារៀនសូត្រឱ្យបានពូកែ និងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏លើកទឹកចិត្តដល់កុមារតូចៗទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។ លោករដ្ឋមន្ត្រី បានជូនពរកូនៗក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លោករដ្ឋមន្ត្រីបានថ្លែងថា ស្នាមញញឹមរបស់កុមារាកុមារីជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ហើយរាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុរេសកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាំតាំងពីបឋមវ័យ រហូតដល់យុវវ័យ។ កុមារតំណាងឱ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។

«ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

អំណោយដែលបាននាំមកចែកជូនដល់កូនៗរបស់មន្រ្តីរាជការនៃក្រសួងព័ត៌មានប្រមាណ៣០០នាក់ នាឱកាសនេះដោយក្នុងម្នាក់ៗទទួលបាន កាតាប១ រួមទាំងនំ និងសម្ភារសិក្សាជាច្រើនមុខទៀត ដែលជាអំណោយរបស់ក្រុមហ៊ុននំ មីដាស (Midas) ដែលជាក្រុមហ៊ុនផលិតអាហារសម្រន់ ដែលផ្តោតលើអនាម័យគុណភាពស្តង់ដារអន្តរជាតិ។

តំណាងក្រុមហ៊ុននំមីដាស បានបញ្ជាក់ថានេះគឺជាសកម្មភាពចែករំលែកក្តីស្រឡាញ់លើកទី៣០ របស់ក្រុមហ៊ុននំមីជាស នៃកម្មវិធីសប្បុរសធម៌ម៌ដាស ហើយយើងក៏នៅតែបន្តរាល់សកម្មភាពល្អនេះជានិច្ចយ៉ាងតិចឱ្យបានចំនួន១ដង ក្នុង១ខែ ដើម្បីចូលរួមជួយសម្រួលដល់ប្រព័ន្ធអប់រំ និងប្រជាពលរដ្ឋដែលមានទុក្ខលំបាក និងមានមោទនភាពចូលរួមចំណែកមួយនេះនឹងឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងសង្គមជាតិ៕