(តូក្យូ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Telecommunity Ministerial Meeting- APTMM) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងពីក្រសួងទទួលបន្ទុកទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៣៣ប្រទេស សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជនសរុប ២១៦នាក់។
កិច្ចប្រជុំ APTMM ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការចាប់យកបច្ចេកវិទ្យាឈានមុខចុងក្រោយសម្រាប់បរិវត្តកម្មឌីជីថលប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងសមធម៌ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» បានពិនិត្យ និងអនុម័តសេចក្តីថ្លែងការណ៍ ហៅថា «សេចក្តីថ្លែងការណ៍តូក្យូ» ដែលជាផែនទីបង្ហាញផ្លូវសម្រាប់រយៈពេល5ឆ្នាំបន្ទាប់ ពាក់ព័ន្ធនឹងការតភ្ជាប់ឌីជីថល សហគ្រិនភាពនិងនវានុវត្តន៍ឌីជីថល សុវត្ថិភាព និងទំនុកចិត្ត ការកសាងសមត្ថភាពនិងបរិយាបន្នឌីជីថល និរន្តរភាព និងកិច្ចសហការនិងភាពជាដៃគូ។
លោករដ្ឋមន្ត្រីបានថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ ដោយរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញនវានុវត្តន៍ឌីជីថលប្រកបដោយបរិយាបន្ន រួមមាន (១) ការជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឌីជីថល (២) ការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីអក្ខរកម្មមូលដ្ឋានដល់កម្រិតខ្ពស់ រួមបញ្ចូលការផ្តល់អាហារូបករណ៍ និងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (៣) ការលើកកម្ពស់ជំនាញឌីជីថល ផ្អែកលើផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលកម្ពុជា (៤) ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (៥) ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និង (៦) ការអភិវឌ្ឍថា្នល DG SuperApp។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយតំណាង ITU ដើម្បីបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ។ តំណាង ITU បានអបអរសាទរនិងកោតសរសើរនូវសមិទ្ធផលនានាដែល ក.ប.ទ. សម្រេចបាននាពេលកន្លងមក និងបានសន្យាបន្តការគាំទ្រ ចំពោះដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជាបន្តទៀត ព្រមទាំងបានលើកឡើងអំពីការជួយផ្សព្វផ្សាយ និងជំរុញការទទួលស្គាល់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសផ្សេងៗ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍របស់ប្រទេសជប៉ុន ដោយផ្តោតលើ (១) កិច្ចសហការក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ (២) ការសិក្សាអំពីការបង្កើតប្រព័ន្ធគមនាគមន៍បើកចំហនិងមានសុវត្ថិភាព (Open RAN) និង(៣) ការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ជប៉ុនមកកម្ពុជា ជាពិសេសក្នុងសួនឌីជីថល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុង និងបច្ចេកវិទ្យានៃប្រទេសម៉ាល់ឌីវ ដោយផ្តោតលើ (១) វឌ្ឍនភាពនៃបរិវត្តកម្មឌីជីថល (២) ការចែករំលែកបទពិសោធ និង(៣) ការណែនាំនិងជំរុញការប្រប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH សម្រាប់ប្រទេសម៉ាល់ឌីវ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក រៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ដោយមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកទូរគមនាគមន៍ និងនិងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ទាំង៣៨ជាសមាជិកនៃបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន៕