(ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងជំនួបរបស់សម្តេចជាមួយ នាយករដ្ឋមន្រ្តី និងប្រធានសភាជប៉ុន នៅក្នុងដំណើរទស្សនកិច្ចនេះ មិនមាននិយាយអ្វីដែល តំណាងរាស្ត្របក្សប្រឆាំង លោក ណាតូ សាកាគូឈិ (Naoto Sakaguchi) បានលើកឡើងនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
កាលពីពេលថ្មីៗនេះ សមាជិកសភាជប៉ុន លោក ណាតូ សាកាគូឈិជំរុញឱ្យរដ្ឋាភិបាលជប៉ុន លើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ទៅកាន់លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចបួនថ្ងៃរបស់សម្តេចនៅប្រទេសជប៉ុន។
សម្តេចបវរធិបតី បានបញ្ជាក់ដូច្នេះថា៖ «នៅជប៉ុន មុននឹងមក មានសមាជិកសភាជប៉ុនម្នាក់ ឡើងនិយាយទាមទារឱ្យរដ្ឋាភិបាល ធ្វើនេះធ្វើនោះលើកនេះលើកនោះ ឱ្យអ្នកនេះឱ្យអ្នកនោះ ដល់ពេលខ្ញុំជួបជាមួយប្រមុខរដ្ឋាភិបាល, ប្រធានសភារបស់គេ គេមានប្រធានបទផ្សេងរបស់គេ ទំនាក់ទំនងនៅតែទំនាក់ទំនង ជាកិច្ចការងារបស់គេ សិទ្ធិនៅក្នុងការធ្វើការ»។
សម្តេចបានបន្តថា អត់សមាជិកសភាជប៉ុនណា ដែលថា ពេលរដ្ឋាភិបាលជប៉ុន ឬសភាជប៉ុន មិនធ្វើតាមការទាមទាររបស់របស់ខ្លួន ចោទរដ្ឋាភិបាលថា អត់ប្រជាធិបតេយ្យ និងចោទប្រកាន់ចំពោះការនិយាយជាមួយសម្តេចនោះទេ៕