(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើ និងអំពាវនាវឲ្យមានការដកស្រង់ព័ត៌មានចេញពី ផេកផ្លូវការរបស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដើម្បីជៀសវាងព័ត៌មានមិនច្បាស់ការ បង្កឲ្យមានភាពកាន់តែច្របូកច្របូល។

ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា និយាយអំពីរឿងចេញព័ត៌មានអំពីការរបួស ឬស្លាប់របស់កងទ័ពនៅព្រំដែន ក្រសួងការពារជាតិ គឺជាអ្នកចេញព័ត៌មាន ពិតណាស់ក្រសួងការពារជាតិ មិនបានលាក់ព័ត៌មាននោះទេ ប៉ុន្ដែការគិតគូរទិន្នន័យ គឺឲ្យបានច្បាស់លាស់ បូកនឹងពេលវេលាឲ្យបានច្បាស់លាស់មុននឹងចេញផ្សាយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ដូច្នេះខ្ញុំសូមឲ្យបងប្អូនទាំងអស់ ទាក់ទងនឹងសភាពការណ៍វិវត្តនៅព្រំដែន សូមយកព័ត៌មានចេញអំពីផេកផ្លូវការ របស់ក្រសួងការពារជាតិ បើមិនដូច្នេះទេនឹងបង្កឲ្យព័ត៌មានកាន់តែច្របូកច្របូល ស្រួលមិនស្រួលបងប្អូនបានទៅយកព័ត៌មាន ចេញអំពីកាសែតថៃ ដែលកាសែតថៃចេញផ្សាយបំប៉ោងអំពីយើងពេលខ្លះដោយថា យើងស្លាប់ និងរបួសជាច្រើន ដែលបង្កើតឲ្យមានការមិនទុកចិត្តខ្មែរគ្នាឯង នេះជាការសំខាន់»

សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា ទី២ រឿងទាហាននៅខាងមុខ សិទ្ធិសេរីភាពក្នុងការបញ្ចេញព័ត៌មាន ប៉ុន្ដែគេមិនអាចបញ្ជេញព័ត៌មាន ទាក់ទងនឹងកម្លាំងឈរនៅខាងមុខនោះទេ មុននឹងវ៉ៃគ្នាមេទ័ពត្រូវសើបការយកព័ត៌មាន អំពីចំនួនទាហាននៃភាគីម្ខាងទៀត, សំភារៈបំពាក់មានអ្វីខ្លះ? អាវុធកម្រិតណា? លានដ្ឋានកម្រិតណា? ដែលប្រើកម្លាំង និងប្រើអាវុធឲ្យចំ ដូច្នេះប្រសិនបើយើងទៅថតបង្ហាញ អំពីស្ថានភាពទីតាំង ឬមួយការចល័តទ័ពរបស់យើង វាស្មើនឹងឲ្យគេអង្គុយរាប់ទៅហើយ ដោយមិនចាំបាច់ឲ្យគេមកសើបការនោះឡើយ [.....]។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនពិសេសកងទ័ពរបស់យើង រឿងគោលការណ៍កងទ័ព សូមលាក់ការ ទីតាំងឈរជើង, អាវុធសំភារៈ ដើម្បីត្រៀមលក្ខខណៈការពារអធិបតេយ្យបូរណៈភាពទឹកដីគ្រប់វិធីសាស្រ្ដ បើជៀសពីសង្គ្រាមបានជៀស ប៉ុន្ដែយើងត្រូវការពារទឹកដីមិនឲ្យបាត់បង ប្រសិនបើជៀសមិនបានទេត្រូវវ៉ៃឲ្យឈ្នះ និងការពារអាយុជីវីតទាហានរបស់យើងឲ្យបាន នេះជាគោលដៅរបស់យើង»