(ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កូនខ្មែរនាពេលបច្ចុប្បន្ន អាចផលិតបាននូវកម្មវិធីនានា ខាងបច្ចេកវិទ្យា ដែលយើងគួរតែមានមោទនភាពនូវអ្វីដែលយើងធ្វើបាននាពេលបច្ចុប្បន្ន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
សម្តេចបានរៀបរាប់ថា ពេលនេះកម្ពុជាយើង អាចឈានទៅប្រើប្រាស់បច្ចេកវិទ្យា Robot បាន ហើយទៅថ្ងៃមុខយើងកំពុងតែជំរុញខាង AI ខាងឌីជីថលផ្សេងៗទៀត។ កូនខ្មែរយើងអាចធ្វើបាន Software ច្រើនណាស់ ដែលយើងមិនចាំបាច់ទិញកូដ ឬកម្មវិធីពីបរទេសដូចមុនទៀតឡើយ។ សម្តេចបានឧទាហរណ៍អំពីកម្មវិធីគ្រប់គ្រងគណនីដូចផ្សារឡាគី ដែលកាលមុនទិញពីប្រទេសសិង្ហបុរី២០-៣០ម៉ឺនដុល្លារ ប៉ុន្តែឥឡូវកូនខ្មែរគូសឱ្យបាន។
សម្តេចបានបញ្ជាក់ទៀតថា «ខ្មែរយើងមិនអន់ទេ កសាងអង្គរ កសាងអ្វីៗបាន សំខាន់មានឱកាស អីចឹងហើយពេលដែលចប់សង្គ្រាម យើងមានឱកាសរៀនសូត្រ ប្រព័ន្ធអប់រំយើងកាន់តែល្អ យើងមិនទាន់ល្អឥតខ្ចោះទេ តែយើងកំពុងខិតខំ កូនខ្មែរយើងចេញទៅប្រកួតគណិតវិទ្យា ប្រកួត Robot នៅក្រៅប្រទេសឈ្នះ»។ សម្តេចបានបន្តថា កម្មវិធីមួយដែលក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ verify.com ឥឡូវមានប្រទេសមួយចំនួនយកប្រើតាម ព្រោះយើងមានមេដាយមាស ប្រកួតជាមួយកម្មវិធីផ្សេងៗក្នុងអាស៊ានដែលយើងបានឈ្នះគេ។
«ពិតណាស់ យើងមានបញ្ហា យើងនៅមានសមត្ថភាពកំណត់ជាច្រើន ដែលយើងត្រូវបន្តបន្ថែម ប៉ុន្តែយ៉ាងហោចណាស់ យើងត្រូវមានមោទនភាព នូវអ្វីដែលយើងសម្រេចបានតាំងពីអត់លទ្ធភាពអ្វីទាំងអស់ រហូតដល់យើងបានប៉ុណ្ណេះ នេះគួរតែជាមោទនភាពរបស់យើង»។ នេះជាការសង្កត់ធ្ងន់របស់សម្តេចបវរធិបតី។
ជាមួយគ្នានេះ សម្តេចបានលើកឡើងទៀតថា យុវជនយើង មិនថាធ្វើការនៅក្នុង ឬក្រៅប្រទេសក៏គួរតែមានមោទនភាពនូវអ្វីដែលយើងធ្វើបាន ដែលកន្លងទៅយើងធ្លាប់តែសុំលុយឪពុកម្តាយ អាណាព្យាបាល ប៉ុន្តែពេលនេះ យើងមានសមត្ថភាពរកលុយដោយខ្លួនឯង។
សម្តេចបន្តទៀតថា «វាមិនខុសពីប្រទេសយើងទេ ប្រទេសជប៉ុន គេផលិតឡានរាប់សិបឆ្នាំហើយ តែពេលគេផលិតឡានដំបូង ក៏គេមានមោទនភាពដូចយើងដែរ គេក៏មានមោទនភាពនឹងរបកគំហើញបច្ចេកវិទ្យាថ្មីៗ ដែលគេរកឃើញដែរ»៕