(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅក្នុងវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាន់តែសកម្ម និងជិតស្និទ្ធ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងសន្និសីទរួមជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba ក្រោយមេដឹកនាំទាំងពីរបញ្ចប់កិច្ចពិភាក្សាទ្វេភាគី នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ក្នុងវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការរបស់យើង កាន់តែសកម្ម និងជិតស្និទ្ធ។ កម្ពុជារីករាយ និង​បានស្វាគមន៍ នាវា២គ្រឿងរបស់កងស្វ័យការពារកងទ័ពជើងទឹកជប៉ុន ដែលបានចូលចតមុនគេបង្អស់ ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ កាលពីខែមេសា»។

សម្តេចបានអរគុណជប៉ុន ដែលបន្តជួយកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក្នុងវិស័យដ៏សំខាន់នេះ​។ សម្តេចក៏បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយបោសម្អាតមីននៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសដែលមិនមាន ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះ​ជាដើម៕