(កណ្ដាល)៖ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ (Air line) ចំនួន៨០ភាគរយហើយ បានភ្ជាប់ប្រព័ន្ធហោះហើររបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយបច្ចុប្បន្នកំពុងតែធ្វើតេស្ដជាបណ្ដើរៗ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល គណៈប្រតិភូកាណាដា ដឹកនាំដោយលោក Louis- Thomas Laurin ប្រធាន​សភាពាណិជ្ជកម្មកាណាដា ចុះទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍន​ភាព ​នៃ​ដំណើរ​ការ​សាង​សង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងស្វែងរកឱកាសក្នុងការវិនិយោគ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ យើងអាចនិយាយបានថា ប្រហែលជាបាន៨០ភាគរយហើយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានមកភ្ជាប់ប្រព័ន្ធហោះហើររួចរាល់ នៅព្រលានយន្តហោះអន្ដរជាតិតេជោ ហើយនឹងកំពុងតែធ្វើតេស្ដជាបណ្ដើរៗ»

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នឹងចូលរួមមកអាកាសយានដ្ឋានអន្ដរជាតិតេជោ ដើម្បីភ្ជាប់ប្រព័ន្ធ នៅពេលដែលភ្ជាប់ប្រព័ន្ធរួចរាល់ នឹងអាចដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់, គិតមកដល់បច្ចុប្បន្ននេះ ​ការ​​សាង​សង់បាន​បញ្ចប់​ប្រមាណជាង៩៦%ហើយ ដែលគ្រោងនឹងបើកឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និង​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម​អធិបតី​ភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងថា «ក្រុមការងារ ដែលគ្រប់គ្រងបម្រើសេវាកម្ម នៅព្រលាន​យន្តហោះអន្តរជាតិតេជោ គឺបានប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រៀមផ្ទេរ ពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មកព្រលាន​យន្តហោះអន្តរជាតិតេជោ»

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ក៏បានឲ្យដឹងផងដែរថា បន្ទាប់ពីទស្សនកិច្ចរួច, គណៈប្រតិភូកាណាដា ដែលមានទាំងអ្នកវិនិយោគ និងអ្នកជំនាញផងនោះ បានបង្ហាញការស្ញប់ស្ញែង មិននឹកស្មានថា ប្រទេសកម្ពុជា អាចសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងកម្រិត 4F នោះទេ ជាពិសេសក្នុងគុណភាពខ្ពស់។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា គណៈប្រតិភូកាណាដា មានបំណងនៅថ្ងៃអនាគត នឹងស្វែងរកការវិនិយោគ ទាំងក្នុងអាកាសយានដ្ឋាននេះ និងខាងក្រៅផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕