(ឧត្តរមានជ័យ)៖ លោក​ មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំអំណោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា ទៅប្រគល់ជូនអង្គភាពកងកម្លាំងឈរជើង តាមបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។

ពិធីប្រគល់អំណោយនេះបានប្រព្រឹត្តទៅនៅបរិវេណបញ្ជាការផ្នែកសឹករងស្រុកអន្លង់វែង ដែលជាទីតាំងកណ្តាលសម្រាប់អង្គភាពទាំង១០ រួមមាន៖

*ផ្នែកសឹករងស្រុកអន្លង់វែង
*ផ្នែកសឹករងស្រុកត្រពាំងប្រាសាទ
*ផ្នែកសឹករងស្រុកសំរោង
*ផ្នែកសឹករងស្រុកបន្ទាយអំពិល
*វរសេនាតូចនគរបាលការពារព្រំដែនគោក៧០២
*វរសេនាតូចនគរបាលការពារព្រំដែនគោក៩០៥
*កងការពារព្រំដែនគោក៤០២
*កងការពារព្រំដែនគោក៤០៣
*វរសេនាតូចលេខ៤៤៤
*វរសេនាតូចលេខ៤៤៥។ អំណោយដែលបាននាំយកចែកចាយនេះ រួមមាន៖ វិទ្យុទំនាក់ទំនង ការ៉ុងសម្រាប់ច្រកខ្សាច់ សូឡា ប៊ីដុងទឹក ស៊ីទែនទឹក និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត។

លោក មាន ចាន់យ៉ាដា បានថ្លែងបញ្ជាក់ថា អំណោយដែលនាំយកចែកជូននាពេលនេះ ជាការឆ្លើយតបទៅនឹងសំណើដែលផ្នែកសឹករងស្រុកអន្លង់វែង បានដាក់ស្នើនៅពេល ដែលលោកបានចុះសួរសុខទុក្ខកងកម្លាំងឈរជើង នៅបង្គោលសីមាលេខ៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះ។

អភិបាល​ខេត្តបានថ្លែងបញ្ជាក់ទៀតថា គោលបំណង នៃការនាំយកអំណោយនេះ គឺដើម្បីជាការលើកទឹកចិត្ត និងថ្លែងនៅការស្រឡាញ់អំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងឈរជើង ដែលកំពុងបំពេញភារកិច្ចការពារ នៅតាមបន្ទាត់ព្រំដែនដ៍អង់អាចក្លាហាន៕