(ភ្នំពេញ)៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានបញ្ជាក់ថាគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នឹងរៀបចំទស្សនកិច្ចរួមមួយ ចុះសួរសុខទុក្ខកងទ័ពកម្ពុជានៅតាមបណ្ដោយព្រំដែន ជាពិសេសកងទ័ពនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងសន្និសីទស្ដីពីលទ្ធផលកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥៖៣០នាទីព្រឹក មានការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកងទ័ពកម្ពុជា ដោយការលបឆ្មក់របស់ទាហ៊ានថៃ បណ្ដាលឱ្យទាហ៊ានកម្ពុជាមួយរូប បានទទួលមរណភាព។
ក៏ប៉ុន្តែក្រុមជ្រុលនិយមក្រៅប្រទេស បានឆ្លៀតឱកាសកេងចំណេញនយោបាយ ឌឺដងផ្លែផ្កាដោយមិនលើកលែងសូម្បីតែទាហ៊ានបានពលីជីវិតការពារដែនអធិបតេយ្យរបស់កម្ពុជា ខណៈដែលប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តដល់កងទ័ពកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក គុជ លី បង្ហាញពីភាពខ្មៅរបស់ក្រុមនយោបាយជ្រុលនិយម។
បើតាមលោកប្រធានគណបក្សខ្មែរតែមួយ បានចាត់ការឌឺដង មាក់ងាយដល់ការលះបង់របស់ទាហ៊ានកម្ពុជា និងសារចោទរាជរដ្ឋាភិបាលកម្ពុជា ថាសុទ្ធតែរឿងចោរម្សៀតទាំងអស់ ដែលញុះញង់ឱ្យមានការស្អប់ជាតិសាសន៍។
ឆ្លើយតបនឹងបញ្ហាព្រំដែន, លោក គុជ លី បានគូសបញ្ជាក់ថា «គណបក្សនយោបាយក្នុងសម្ព័ន្ធភាព មានគម្រោងរៀបចំទស្សនកិច្ចមួយ ចាប់ពីថ្ងៃទី៥ ខែមិថុនាទៅ ជាទស្សនកិច្ចរួមគ្នាមួយ ដើម្បីចុះទៅសួរសុខទុក្ខបងប្អូនកងទ័ពនៅតាមបណ្ដោយព្រំដែន ជាពិសេសនៅប្រាសាទព្រះវិហារ ស្រុកជាំក្សាន្តតែម្ដង»៕