(ភ្នំពេញ)៖ អតីតមេទ័ពជាយដែន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា បញ្ហាជម្លោះនៅតាមព្រំដែនរវាងកម្ពុជា និងថៃ គឺក្រុមប្រឆាំងជ្រុលនិយម​ថៃ បានព្យាយាមអុចអាលឱ្យរាជរដ្ឋាភិបាលប្រទេសកម្ពុជា-ថៃ មានបញ្ហានឹងគ្នា។

ជាមួយគ្នានេះដែរ លោក ញឹក ប៊ុនឆៃ ក៏បានរម្លឹកថា ជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលពីឆ្នាំ២០០៨ និង២០១១ រហូតមានការបង្ហូរឈាមគ្នា គឺមិនបណ្តាមកពីក្រុមអ្នកនយោបាយជ្រុលនិយមរបស់ថៃ ដោយបានញុះញង់កងទ័ពរបស់ថៃ រហូតបង្កជាជម្លោះរវាងប្រទេសទាំងពីរ រហូតប្រើប្រាស់កម្លាំងទ័ព។

ការបញ្ជាក់បែបនេះរបស់លោក ញឹក ប៊ុនឆៃ បានធ្វើឡើងក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក ញឹក ប៊ុនឆៃ បានគូសបញ្ជាក់ថា៖ «ភាពតានតឹងគ្នានៅតាមព្រំដែន គឺខាងយើង (ខ្មែរ) និងខាងថៃ មានអ្នកនយោបាយប្រឆាំងជ្រុលនិយម ដែលចង់រុញឱ្យមានចម្បាំងរាំងជល់គ្នា រហូតដល់មានការប៉ះទង្គិចគ្នា គឺដោយសារតែអ្នកជ្រុលនិយម ទៅអុចអាលដល់កងទ័ពនៅព្រំដែន»

បើតាម លោក ញឹក ប៊ុនឆៃ បានបន្ថែមថា តាមរយៈការសង្កេត និងពិនិត្យយ៉ាងម៉ត់ចត់ ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ប៉ុន្មានថ្ងៃនេះ គឺមានក្រុមអ្នកនយោបាយជ្រុលនិយមជាអ្នកអុចអាល ពោលគឺអ្នកជ្រុកនិយមថៃទាំងនោះ មិនចង់ឱ្យរាជរដ្ឋាភិបាលថៃសព្វថ្ងៃនេះ ដឹកនាំដោយលោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ ដែលក្រុមគ្រួសាររបស់គាត់មានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមានទំនាក់ទំនងល្អជាមួយសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ ហើយក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមរបស់ថៃ តែងតែអុចអាល ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ ល្អក់កករនឹងគ្នាម្តងហើយ ម្តងទៀតជាដើម។

បន្ថែមពីនេះ លោក ញឹក ប៊ុនឆៃ បានបន្តថា ចំពោះករណីភាគីថៃ ស្នើសុំឱ្យកងទ័ពកម្ពុជា ដកថយចេញពីទីតាំងឈរជើង ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នា គឺមិនរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកងទ័ពកម្ពុជា មិនអាចធ្វើតាមការស្នើសុំរស់ភាគីថៃ បាននោះទេ ពីព្រោះទីតាំងដែលកងទ័ពកម្ពុជាឈរជើងនេះ ជាទឹកដីរបស់កម្ពុជា ប៉ុន្តែ ផ្ទុយទៅវិញ មានតែភាគីថៃ ប៉ុណ្ណោះដែលត្រូវដកកម្លាំងចេញពីទីតាំងដែលបានរុលចូលមកដោយគ្មានការអនុញ្ញាតពីកម្ពុជា រហូតប៉ះទង្គិចគ្នាទៅវិញ។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា បណ្តាគណបក្សនយោបាយសម្ព័ន្ធភាពទាំង២៨ ជាមួយគ្នាគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្ត រួមគ្នាធ្វើយ៉ាងណាកុំឱ្យសកម្មភាពក្រុមប្រឆាំងជ្រុលនិយមណាមួយទៅញុះញង់កងទ័ពកម្ពុជា រហូតកើតមានជម្លោះដោយប្រើកម្លាំងប្រដាប់អាវុធ ដែលផ្ទុយទៅនឹងគោលនយោបាយសន្តិភាពរបស់រាជរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះដែរ លោក ញឹក ប៊ុនឆៃ ក៏បានលើកឡើងពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា «រាជរដ្ឋាភិបាលកម្ពុជា ត្រូវការព្រំដែនសន្តិសុខ សន្តិភាព និងអភិវឌ្ឍន៍»។ ដូច្នេះ រាល់កលល្បិចទាំងឡាយណារបស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាអាក្រក់ ដើម្បីអូសកម្ពុជា ចូលក្នុងភ្លើងសង្គ្រាម គឺមិនអាចកើតមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត ពីព្រោះកម្ពុជា ត្រូវការសន្តិភាព៕