(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអះអាងថា រហូតមកដល់ពេលនេះ ស្ថានភាពនៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានវិលត្រឡប់ទៅរកសភាពធម្មតា ដូចមុនថ្ងៃប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកគូលែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអំពាវនាវឲ្យប្រជាពលរដ្ឋដែល ត្រូវបានជម្លៀសអាចវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបររៀងៗខ្លួនវិញបានដោយធម្មតា។

បើតាមលោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ានិត, ក្រោយការចរចាគ្នារវាងកងទ័ពជើងគោកកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងកងទ័ព​ថៃ ដើម្បីធ្វើយ៉ាងណាកុំឲ្យបញ្ហានេះរាលដាលតទៅមុខទៀត ធ្វើយ៉ាងណារក្សាស្ថានភាពឲ្យដូចដើម ជំរុញឲ្យមានស្ថេរភាពតាមតំបន់ព្រំដែនទាំងអស់ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។

លោកបានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលការចរចារម្សិលមិញនេះ ​គឺមានផ្លែផ្កាដ៏ល្អ យើងឯកភាពគ្នាទាំងសងខាង ដើម្បីរក្សាស្ថានភាពស្ងប់ស្ងាត់ ហើយរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ជៀសវាងកុំឲ្យមានអំពើហិង្សាកើតឡើង។ ​ឥលូវនេះដោយមានភាពច្បាស់លាស់ហើយ ស្ថានភាពវិលទៅដូចដើម ដូច្នេះបងប្អូនមិនគួរណានៅទីនេះទៀតទេ គួរតែអាចចល័តទៅផ្ទះសំបែងវិញ ដើម្បីបង្កបង្កើនផល ក៏ដូចជាថែរក្សាផ្ទះសំបែងរបស់យើង»។

ប៉ុន្តែទោះជាយ៉ាងណា លោក​ក៏ថ្លែងអំណរគុណដល់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្រុកគូលែន ចំនួនសរុប១១៩គ្រួសារ។​

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអះអាងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បើទោះបីកំពុងនៅប្រទេសជប៉ុន ប៉ុន្តែលោកមានការយកចិត្តទុកដាក់ខ្ពស់ណាស់ ទូរស័ព្ទ​មកសួរថ្នាក់ដឹកនាំនៅជួរមុខជាបន្តបន្តាប់ ហើយសម្តេចតេជោ ហ៊ុន សែន ក៏ដូចគ្នាដែរ។ លោកថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការចរចា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី និងផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។​

រហូតមកដល់រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា បន្ទាប់ពីការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រជាពលរដ្ឋបានអញ្ជើញវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញអស់ហើយ។

​ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ទូទាំងខេត្តព្រះវិហារ លោកបានថ្លែងបង្ហាញនូវការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជឿជាក់លើកងយោធពលខេមរៈភូមិន្ទ ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ ដែលជាអ្នកគាំទ្រសមរភូមិក្រោយនេះ សូមគាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រកងយោធេពលខេមរៈភូមិន្ទ ដើម្បីការពារទឹកដីឲ្យបាន១០០ភាគរយ៕