(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការប្រមូលសំរាមនៅក្រុងតាខ្មៅ ក្នុងគោលបំណងឲ្យទីក្រុងស្អាត មិនមែនជាការធ្វើអាជីវកម្មលើការប្រមូលសំរាមឡើយ។ ដូច្នេះហាមមិនឲ្យមានការតម្លៃថ្លៃ សំរាមឡើយ ប៉ុន្តែសូមស្នើពលរដ្ឋដែលមិនបង់ថ្លៃ មេត្តារួសរាន់បង់លុយផង ដើម្បីក្រុមហ៊ុនស៊ីនទ្រី មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូល ព្រោះតាមដឹងក្រុមហ៊ុនរអ៊ូថា «ខាតរាល់ខែ» ដោយសារតែពលរដ្ឋខ្លះ មិនបង់លុយថ្លៃសំរាមឡើយ។
លោកអភិបាលខេត្តបញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការតម្លើងតម្លៃសេវាប្រមូលសំរាមនៅក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
អភិបាលខេត្ត បន្តថា សម្រាប់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ នៅតែបន្តតម្លៃសេវាដដែល ហើយរដ្ឋបាលក្រុងតាខ្មៅ ត្រូវពិនិត្យលើតម្លៃសេវាប្រមូលសំរាមឡើងវិញនៅក្រុងតាខ្មៅ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ដោយរក្សាបាននូវសោភណ្ឌភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងតាខ្មៅ។ បើសិនការបង់ថ្លៃសំរាមប្រមូលបានមកគ្រប់ៗគ្នាហើយ តែមិនសមមាត្រគ្នាទេ នោះក្រុមប្រឹក្សាក្រុង ត្រូវប្រជុំគ្នាឡើងវិញជុំវិញករណីនេះ។
សូមបញ្ជាក់ថា នៅក្រុងតាខ្មៅមានប្រជាពលរដ្ឋជិត៣ម៉ឺនខ្នងផ្ទះ ហើយប្រជាពលរដ្ឋដែលបានបង់ថ្លៃសេវាប្រមូលសំរាមប្រមាណ២ម៉ឺនខ្នងផ្ទះប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ នៃការប្រមូលសំរាមរបស់ក្រុមហ៊ុនមួយ នៅក្នុងក្រុងតាខ្មៅនាពេលកន្លងមក៕