(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមកប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះកើតឡើងជាដើម។ ក្នុងនោះ ក្នុងនាមក្រសួងមហាផ្ទៃសូមទាត់ចោល ច្រានចោលគឺមិនអាចទទួលយកបានជាដាច់ខាត។
លោកបន្តថា ការចោទប្រកាន់នេះ គឺផ្ទុយពីការពិត ខណៈលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាអ្នកដែលមានឆន្ទះមុះមុតក្នុងការបង្ក្រាប នូវរាល់សកម្មភាពបទល្មើស ទាំងការជួញដូរមនុស្ស និងការឆបោក តាមអនឡាញនៅកម្ពុជា។ ក្នុងនោះលោកក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ និងតឹងរឹងបំផុតចំពោះ ថ្នាក់ដឹកនាំ មន្ដ្រីក្រោមឱវាទ និងអ្នកពាក់ព័ន្ធទាំងណាដែលធ្វើជាខ្នងបង្អែក និងរួមគំនិតនៃបទល្មើសទាំងអស់នេះផងដែរ។
ការប្រកាសទាត់ចោល នៃការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីមានសកម្មជនរបស់មេឧទ្ទាមក្រៅច្បាប់ រាល់ថ្ងៃកំពុងរស់នៅបរទេសបានបង្ហោះក្នុងហ្វេសប៊ុកខ្លួនថា «វិទ្យាស្ថានស្រាវជ្រាវបស្ចិមប្រទេស ដែលមានទីស្នាក់ការនៅប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ឈ្មោះ Humanity Research Consultancy រកឃើញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាភ្នាក់ងារកណ្តាល នៃមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកល ដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន ខណៈឧកញ៉ា ទ្រី ភាព និងឧកញ៉ា លី យ៉ុងផាត់ ជាអ្នកប្រតិបត្តិការ ក្នុងឧក្រិដ្ឋកម្មឆបោកនេះដោយផ្ទាល់»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះទាំងពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះ ដោយអំពើជួញដូរនៅកម្ពុជា។
រាជរដ្ឋាភិបាល បានដំឡើងកម្រិតយន្តការអន្តរក្រសួងថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រីដឹកនាំ ហើយមានឧបនាយករដ្ឋមន្ត្រីមួយចំនួនធំ ដូចជា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, ឧបនាយករដ្ឋមន្ដ្រី ស សុខា, ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា, ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន, ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ និងពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីរួមសហការគ្នា ធ្វើការប្រយុទ្ធប្រឆាំងជាមួយបទល្មើសឆបោកអនឡាញ និងការជួញដូរមនុស្សនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕