(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតផ្សេងៗនៅក្នុងវិស័យទេសចរណ៍ ប៉ុន្តែ ផ្ទុយទៅវិញ គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់» និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយទាក់ទងនឹងវិស័យទេសចរណ៍។

ការអំពាវនាវបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោករួមជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការរៀបចំពិធីផ្សព្វផ្សាយនូវយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ឱសថដ៏ល្អដើម្បីបន្សាបព័ត៌មានក្លែងក្លាយ គឺត្រូវដាក់ព័ត៌មានពិត ច្បាស់លាស់ លឿន រហ័ស ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសជាតិ និងអន្តរជាតិ ឱ្យបានដឹងកាន់តែច្បាស់ពីស្ថានភាពពិត រឿងពិតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទីតាំងទេសចរណ៍នានាជាដើម។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការផ្សព្វផ្សាយអំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ជាយន្តការដើម្បីជំរុញចលនាទេសសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា យុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតងនេះ ក៏មិនត្រឹមតែជំរុញចលនាទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការកាត់បន្ថយលំហូរភ្ញៀវជាតិចេញទៅធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេសផងដែរ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងទេសចរណ៍នឹងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗបន្ថែមទៀត សំដៅការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ក្នុងរដូវកាលបៃតងនេះ ដោយលោកសង្កត់ធ្ងន់ថា ភ្ញៀវទេសចរជាសាសនិកឥស្លាម ជាគោលដៅដ៏និយម។

ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ គឺពិតជាមានសារៈសំខាន់។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការផ្សព្វផ្សាយនូវព័ត៌មានអំពីវិស័យទេសចរណ៍ គឺមិនត្រឹមតែធានាបាននូវសន្តិសុខព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងគឺជាការធានាភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង៕