(កំពត)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាគណៈកម្មាធិការលទ្ធកម្មតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ជាស្ថាពរ រយៈពេលធានាគុណភាពការងារថែទាំខួប ផ្លូវចំនួន២ខ្សែ ដែលជាប្រភេទផ្លូវក្រាលល្បាយក្រួសប្រវែង សរុបចំនួន ១៣ ២០០ម៉ែត្រ មានទទឹង៤, ៥ម៉ែត្រ និងកម្រាស់ ០,២ម៉ែត្រ។
ផ្លូវចំនួន២ខ្សែនេះ ឆ្លងកាត់ឃុំចំនួន៤ ក្នុងស្រុកឈូក រួមមាន៖ ឃុំនារាយណ៍, ឃុំមានជ័យ, ឃុំក្រាំងស្នាយ និងឃុំត្រមែង ដោយមានគម្រោងលេខ DRR-PM-2024-N0.011 អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
ក្រោយគណៈប្រតិភូអន្តរក្រសួងបានចុះត្រួតពិនិត្យជាក់ស្តែង លើការងារថែទាំខួបផ្លូវទាំង២ខ្សែខាងលើនេះរួចមក គណៈប្រតិភូបានវាយតម្លៃថា ការអនុវត្តលើការថែទាំងខួបនេះ គឺសម្រេចបានលទ្ធផលល្អត្រឹមត្រូវតាមកិច្ចសន្យា និងតាមបទដ្ឋានបច្ចេកទេស។ នៅក្នុងរយៈពេលជាង ៦ខែ នៃការធានាគុណភាពផ្លូវនេះ មន្ទីរអភិវឌ្ឍនជនបទខេត្តកំពត បានខិតខំថែទាំ ដោយរក្សាបាននូវគុណភាពល្អដដែលដូចនេះគណៈកម្មការទទួលយក ដើម្បីបញ្ចប់រយៈពេលធានាសុពលភាព ចំពោះការថែទាំផ្លូវនេះ។
ក្នុងឱកាសនោះដែរលោកបណ្ឌិត សៅ ជីវ័ន្ត ក៏បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវទាំងពីរខ្សែនេះ និងបានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលទទួលភារកិច្ចថែទាំបន្តនូវផ្លូវ និងលូខាងលើនេះត្រូវសហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការថែទាំឱ្យបានល្អប្រសើរ ត្រូវមានការយាមកាម និងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះ ធ្វើចរាចរលើផ្លូវនេះ ដើម្បីរក្សាគុណភាពផ្លូវឱ្យបានគង់វង្សយូរអង្វែង ហើយចាត់ទុកថានេះជាផ្លូវរបស់យើងទាំងអស់គ្នា៕