(សៀមរាប)៖ រយៈពេលជិត១ខែមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ការហ្វឹកហាត់ជាប្រចាំរបស់ កម្លាំងកងអនុសេនាធំចល័ត នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានល្បីរន្ទឺដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ថៃ យកទៅចុះផ្សាយព្រោងព្រាតនៅបណ្តាញសង្គម ស្របពេលដែលកម្ពុជា និងថៃ មានការប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែន ក្នុងខេត្តព្រះវិហារ។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញបណ្តាញព័ត៌មាន Top News ដ៏ល្បីឈ្មោះរបស់ថៃបានយកវិដេអូនៃការហ្វឹកហាត់ទៅផ្សព្វផ្សាយ ដោយបានសរសេរថា កម្លាំងកងទ័ពរបស់កម្ពុជាបានពង្រឹង និងត្រៀមខ្លួនជាស្រេចដើម្បីកិច្ចការពារព្រំដែនប្រទេសរបស់ខ្លួន។
គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ និស្សិតបញ្ចប់ថ្នាក់បណ្ឌិតសភាយោធាពីប្រទេសអូស្រ្តាលី ឧត្តមសេនីយ៍ សៀ ទីន បាននឹងកំពុងបន្តដឹកនាំហ្វឹកហាត់អស់រយៈពេល២៩ថ្ងៃមកហើយ នឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងកិច្ចការងារកងកម្លាំងរបស់ខ្លួន ហើយការហ្វឹកហាត់នេះធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតរបស់កងពលធំអន្តរាគមន៍លេខ២ លើទឹកដីខេត្តសៀមរាប៕
សូមទស្សនាវិដេអូរបស់បណ្តាញព័ត៌មានថៃចេញផ្សាយលើបណ្តាញ Facebook របស់ខ្លួន៖