(ភ្នំពេញ)៖ លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការនិងជាតំណាងលោកស្រី ចម និម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកម្មពិធី «Team Canada Trade Mission Plenary Session» ដែលរៀបចំដោយស្ថានទូតកាណាដាប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា និងកាណាដា។

នាឱកាសនោះលោក រដ្ឋ សារ៉ាវុធ បានបង្ហាញអំពីសក្តានុពលក្នុងកាវិនិយោគនៅប្រទេសកម្ពុជាទៅដល់ធុរកិច្ចកាណាដា ដែលរួមមានដូចជា៖ ប្រទេសកម្ពុជាស្ថិតនៅតំបន់យុទ្ធសាស្រ្ត ដែលផ្តល់ភាពងាយស្រួល​ក្នុងកានាំចេញក្នុងគ្របខណ្ឌអាស៊ាន ក៏ដូចជាប្រទេសនានាក្នុងតំបន់ អាស៊ី, វិស័យឯកជនដែលមកវិនិយោគនៅប្រទេសកម្ពុជាត្រូវបានគាំពាដោយច្បាប់របស់ប្រទេសកម្ពុជា ក្នុងវិស័យពាណិជ្ជកម្មរួមមាន ច្បាប់វិនិយោគ ច្បាប់ e-commerce ច្បាប់ប្រកួតប្រជែង, ប្រទេសកម្ពុជាគឺជាទីផ្សារដែលមានសក្តាពនុពលខ្ពស់ពិព្រោះប្រទេសកម្ពុជាគឺជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលទទួលបាន ការអនុគ្រោះពន្ធគយក្នុងគ្របខណ្ឌដូចជា GSP EBA និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាច្រើនទៀត.

លោក រដ្ឋ សារ៉ាវុធ បានបន្ថែ​មថា ប្រជាជនចំនួន ៦០% មានអាយុក្រោម ៣៥ឆ្នាំ ដែលជាកម្លាំងពលកម្មវ័យក្មេង និងមានជំនាញ ដែលបង្កើតជាឱកាសសម្រាប់អ្នកវិនិយោគ​ក្នុងការចូលរួមអភិវឌ្ឍន៍ និងប្រើប្រាស់កម្លាំងពលកម្មប្រកបដោយសមត្ថភាព ដើម្បីជម្រុញការច្នៃប្រឌិត ការផលិតភាព និងកំណើនអាជីវកម្មប្រកបដោយចីរភាព។ ប្រទេសកម្ពុជា បានបំពេញបាន ១០០ភាគរយ នូវកាតព្វកិច្ចតាមសន្ធិសញ្ញា WTO ស្តីពីការអភិវឌ្ឍសេវាពាណិជ្ជកម្ម ដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្មប្រកបដោយតម្លាភាព សមរម្យភាព និងភាពងាយស្រួលសម្រាប់អ្នកវិនិយោគ។ កម្ពុជាក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ ដែលមានទីតាំងយ៉ាងល្អសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មនានា ដោយផ្តល់សេវាច្រកចេញចូលតែមួយ (One-Stop Service) សម្រាប់វិនិយោគិន។
 
បន្ថែមពីនេះលោក រដ្ឋ សារ៉ាវុធ ក៏បានជំរុញឱ្យវិនិយោគិនកាណាដា ស្វែងរកដៃគូសហការដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ដើម្បីងាយស្រួលក្នុងការស្វែងយល់អំពីទីផ្សារប្រទេសកម្ពុជាផងដែរ៕