(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី បានគូសបញ្ជាក់អំពីកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្ដធានាបានទាំងស្រុង ដើម្បីបង្កបរិយាកាសអំណោយផល ក្នុងការវិនិយោគនៅប្រទេសកម្ពុជា។
ក្រៅពីកត្តាសុខសន្ដិភាព ស្ថេរភាពនយោបាយហើយនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានបង្ហាញអំពីការអនុគ្រោះ ការកែទម្រង់ ការធ្វើទំនើបកម្ម និងការបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគ។ បន្ថែមពីនេះ កម្ពុជាមានសក្តានុពលលើគ្រប់វិស័យទាំងទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពល ព្រមទាំងពលកម្មវ័យក្មេងដែលរាជរដ្ឋាភិបាកកំពុងបណ្ដុះបណ្ដាលជំនាញ ដើម្បីត្រៀមលក្ខណៈឲ្យក្លាយជាកម្លាំងពលកម្មដ៏ល្អសម្រាប់វិនិយោគិនទាំងជាតិ និងអន្ដរជាតិ។
ជាការឆ្លើយតប លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានលើកឡើងថា កម្ពុជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់មួយនៅក្នុងតំបន់ ហើយទំនាក់ទំនងទ្វេភាគីវិស័យធុរកិច្ច ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងកាណាដា បានទទួលលទ្ធផលជាផ្លែផ្កាជាច្រើន ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា ក្នុងឆ្នាំ២០២៤ មានទំហំ២.៤ពាន់លានដុល្លារ ដែលបានកើនឡើងពី២.១ពាន់ដុល្លារ ក្នុងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា គឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញវាយនភណ្ឌ។
លោកបានបន្ត យោងតាមស្ថិតិអាស៊ាន ប្រទេសកាណាដា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលវិនិយោគបរទេសផ្ទាល់ (FDI) នៅកម្ពុជា ហើយក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងកាណាដា និងកម្ពុជា ក៏បានផ្សាភ្ជាប់តាមរយៈប្រជាជន និងប្រជាជនផងដែរ។ លោកបន្ថែមថា ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន គឺជាតំណាងនៃសំឡេងវិស័យឯកជនធំៗ ដែលមានប្រមាណជាង៩០សមាជិក មកពីវិស័យឧស្សាហកម្មផ្សេងៗគ្នា។
លោក Wayne Farmer បានលើកឡើងពីគោលបំណងសំខាន់នៅក្នុងដំណើរទស្សនៈកិច្ច នាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពាក់ព័ន្ធវិស័យធុរកិច្ច និងសេដ្ឋកិច្ច តាមរយៈការពិនិត្យមើលសក្តានុពលសំខាន់ៗ របស់កម្ពុជា។ ក្នុងជំនួបនេះលោករំពឹងសង្ឃឹមថា នឹងទទួលបាននូវទស្សនៈ និងអនុសាសន៍ផ្សេងៗ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍប្រកបនិរន្តរភាព។
លោក Wayne ក៏បានអញ្ជើញរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងវេទិកាធុរកិច្ចកាណាដា-អាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលជាវេទិកាផ្សាភ្ជាប់ជាមួយកិច្ចប្រជុំរដ្ឋន្ត្រីអាស៊ាន និងកាណាដា ដែលគ្រោងនឹងមានថ្នាក់ដឹកនាំផ្នែកធុរកិច្ច ៣០០ ទៅ៤០០នាក់ចូលរួមផងដែរ ក្នុងវេទិកានេះ ដែលជាឱកាសក្នុងការពង្រីកការវិនិយោគក្នុងវិស័យផ្សេងៗជាច្រើន ដូចជាការធ្វើបដិវត្តកម្មឌីជីថល ការពង្រឹងវិស័យកសិកម្ម វិស័យថាមពល និងវិស័យពាណិជ្ចកម្មផ្សេងៗទៀត។
ឆ្លើយចំពោះការលើកឡើង លោកសន្ដិបណ្ឌិត នេត សាវឿន បានគាំទ្រនូវមតិដែលភាគីកាណាដា បានគូសបញ្ជាក់ពីពាណិជ្ចកម្មរវាងកាណាដា និងកម្ពុជា។ ពាក់ព័ន្ធនឹងការអញ្ជើញរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងវេទិកាធុរកិច្ចកាណាដា អាស៊ាន នៅខែកញ្ញាខាងមុខនេះ លោកជឿជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចាត់តំណាងចូលរួមក្នុងវេទិកាដ៏សំខាន់នេះ។
បើតាមលោកសន្ដិបណ្ឌិត នេត សាវឿន, រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ មានគោលនយោបាយបើកទូលាយសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបរទេសនៅកម្ពុជា តាមរយៈកំណែទម្រង់គោលនយោបាយថ្មីៗ ដើម្បីបង្កលក្ខណៈងាយស្រួល និងចំណេញពេលវេលា សម្រាប់វិនិយោគបរទេសនៅកម្ពុជា ដូចជាការធ្វើទំនើបកម្មឌីជីថល តាមរយៈការចុះបញ្ជីតាមប្រព័ន្ធអនឡាញ និងការរៀបចំច្រកចេញចូលតែមួយសម្រាប់វិនិយោគិនបរទេស ក្នុងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។
លោកសន្តិបណ្ឌិត នេត សាវឿន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមលក្ខណៈជាស្រេចដើម្បីជួយសម្របសម្រួលដល់ក្រុមប្រឹក្សាធុរកិច្ចកាណាដា អាស៊ាន ក្នុងការដោះស្រាយនូវរាល់ចម្ងល់ និងសំណូមពរនានា ពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវបន្ថែមពីសក្តានុពលសេដ្ឋកិច្ច និងការសិក្សាលម្អិត ព្រមទាំងការវិនិយោគវិស័យជាក់ស្តែងនានា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនក្នុងស្រុកជាដើម៕