(ឧត្តរមានជ័យ)៖ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍ នៃការប៉ះទង្កិចដោយអាវុធនៅតំបន់មុំបី។ នៅក្នុងជំនួបនោះមេបញ្ជាការកងទ័ព ជើងគោកថៃ បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រ៉ោន។
ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលផ្លូវការនេះជំនួបរយៈពេលខ្លីរវាងមេទ័ពប្រទេសកម្ពុជា-ថៃ នឹងត្រូវចេញប្រកាសព័ត៌ជាផ្លូវការនាពេលបន្ដិចទៀតខាងមុខនេះ ដោយបញ្ជាការដ្ឋានកងទ័ពជើងគោក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
សូមជម្រាបថា ការចរចានេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។
ការចរចាបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕