(ជប៉ុន)៖ ថ្លែងពីប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញក្រុមហ៊ុនជប៉ុនទៅបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក តាមរយៈហេតុផលចំនួន៥ ដែលសម្តេចចាត់ទុកថា​ គឺជាភាពទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់នៅកម្ពុជា។

ការថ្លែងរបស់សម្តេចបវរធិបតី ក្នុងឱកាសសម្តេចអញ្ជើញចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ​នាថ្ងៃ​ទី២៩ ឧសភា ២០២៥​នេះ ដោយមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន ។

ហេតុផលទាំង៥នេះ រួមមាន៖

* ទី១.បរិយាកាសនយោបាយ ប្រកបដោយស្ថេរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសង្គត់ភាពនៅកម្ពុជា ដែលផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្តបាន សម្រាប់វិនិយោគរយៈពេលវែង។ កំណត់ត្រាសេដ្ឋកិច្ចរបស់កម្ពុជា មុនជំងឺរាតត្បាតជំងឺកូវីដ១៩ សម្រេចបាននូវកំណើន ​៧% ប្រចាំ និងមានការព្យាករណ៍នូវងើបនៃសេដ្ឋកិច្ច​ក្នុងអត្រា ៥%ទៅ៦% ក្នុងរយៈពេលមធ្យម។ កំណើននេះ ត្រូវបានគាំទ្រដោយគោលនយោបាយកែទម្រង់ ប្រកបដោយចីរភាព កិច្ចសន្ទនាជាប្រចាំរវាងរាជរដ្ឋាភិបាលនៅក្រៅប្រទេស និងវិស័យឯកជន និងចក្ខុវិស័យរយៈពេលវែង ដែលផ្តោតទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។

* ទី២. ការចូលរួមដោយផ្ទាល់ជាមួយវិនិយោគិន នៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ អទិភាពជាយុទ្ធសាស្រ្តរបស់កម្ពុជា រួមបញ្ចូលនូវវេទិកា​រាជរដ្ឋាភិបាលផ្នែកឯកជន ដែលរៀបចំឡើងជាទៀងទាត់ គឺយន្តការគន្លឹះសម្រាប់ដោះស្រាយជាប់ជាប្រចាំនូវរាល់កង្វល់របស់វិស័យឯកជន។ ជាក់ស្តែងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ​សម្តេចបវរធិបតីបានធ្វើជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ដោយរាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការកែទម្រង់គន្លឹះជាច្រើន លើចំនួន១០វិស័យ ដែលក្នុងនោះមាន ការដោះស្រាយកង្វល់របស់វិស័យឯកជន ដែលរួមទាំងវិនិយោគិនកម្ពុជា វិនិយោគិនជប៉ុន ពាក់ព័ន្ធតម្លាភាព ក្នុងវិស័យពន្ធដារ។

ចាប់តាំងពីពេលនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសៀវភៅណែនាំ ស្តីពីស្តង់ដារនិតិប្រតិបត្តិ ដែលផ្តោតសំខាន់ ទៅលើភាពច្បាស់លាស់ សង្គត់ភាព និងភាពអាចព្យាករណ៍បាន ជាពិសេសពាក់ព័ន្ធពន្ធដារ ការធ្វើសវនកម្មពន្ធដារ។ លើសពីនេះ កម្ពុជារៀបចំយន្តការពិគ្រោះយោបល់ដែលធ្វើឡើង២ដងក្នុងមួយឆ្នាំ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនជប៉ុន សម្រាប់ដោះស្រាយតម្រូវការ។ រាជរដ្ឋាភិបាលមិនត្រឹមតែទាក់ទាញវិនិយោគថ្មីទេ គឺដើម្បីឱ្យវិនិយោគដែលមានស្រាប់អាចរីកចម្រើន និងធំធាត់ថែមទៀត ពីព្រោះអ្នកវិនិយោគិន គឺជាអតិថិជនដ៏ប្រសើរបំផុតសម្រាប់យើង។ នេះហើយទើបយើងមានអភិក្រមដ៏សកម្មនៅក្នុងការ គិតរួមគ្នា ធ្វើរួមគ្នា​ ទទួលខុសត្រូវរួមគ្នា និងរីកចម្រើនរួមគ្នា ។ ពោលគឺប្រសិនបើមានបញ្ហាប្រឈម សូមប្រាប់រដ្ឋាភិបាល ហើយយើងនឹងរកដំណោះស្រាយរួមគ្នា។ នេះគឺជាអភិក្រមរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីបង្កើតនូវភាពប្រកួតប្រជែង បើទោះបីជាកម្ពជាប្រទេស ដែលមានសេដ្ឋកិច្ចតូចក្តី។

* ទី៣. រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តគោលនយោបាយដែលអំណោយផល ដល់វិយោគិនដូចជា ច្បាប់ស្តីពីការវិនិយោគ ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ គឺអនុញ្ញាតឱ្យមានការរួចពន្ធដល់ ៥ឆ្នាំសម្រាប់វិស័យអទិភាព ក្នុងនោះការរៀបចំ និងការគ្រប់តំបន់សេដ្ឋកិច្ចពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ការកែសម្រួលនិតិវិធីរដ្ឋបាល។ រាជរដ្ឋាភិបាលនិងកំពុងសិក្សាពីលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្ម និងសម្រាប់ប្រទេសជាក់ស្តែងដែលក្នុងនោះ រួមមានប្រទេសជប៉ុនផងដែរ។

 ទី៤. ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រទេសហត្ថាលេខីដ៏សំខាន់ ក្នុងកិច្ចព្រមព្រៀង RCEP កម្ពុជាមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារដ៏ទូលំទូលាយ។ អត្ថប្រយោជន៍នៃការនាំចេញនេះ ត្រូវបានពង្រីកបន្ថែមទៀត ​តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី រវាងកម្ពុជា ជាមួយចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម។ ក្នុងនាមសមាជិករបស់ WTO កម្ពុជាប្តេជ្ញាចិត្តធ្វើពាណិជ្ជកម្មដោយបើកចំហរ តម្លាភាព និងផ្តល់នូវលទ្ធភាពចូលក្នុងទីផ្សារផ្សេងៗទៀត ទទួលបានភាពអនុគ្រោះតាមរយៈ MFN GSP និង EBA ជាមួយសមាជិក WTO ផ្សេងទៀត។ នេះគឺជាយុទ្ធសាស្រ្តដែលកម្ពុជាអាចរីកធំធាត់។ បើគិតតែទីផ្សារក្នុងប្រទេស ទីផ្សារកម្ពុជាអាចនឹងមិនធំនោះទេ ព្រោះកម្ពុជាមានប្រជាជនតែ ១៧លាននាក់ ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងនានាដែលកម្ពុជាមាន បានធ្វើឱ្យកម្ពុជាមានទីផ្សារធំ។

ទី៥.កម្ពុជា មានកម្លាំងពលកម្មវ័យក្មេង ប្រកបដោយចីរភាព និងមានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពខ្ពស់ សម្របខ្លួនទៅឧស្សាហកម្មទំនើប។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តទៅលើបដិវដ្តកម្មឌីជីថល សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងគម្រោងព្រែកជីកតេជោដែលភ្ជាប់ផ្លូវទឹកទៅកាន់សមុទ្រ អាកាសយានដ្ឋានអន្តរជាតិថ្មី៕