(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងជំរុញលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចជាមួយថ្នាក់ដឹកនាំជប៉ុន ដើម្បីធ្វើយ៉ាងក្នុងទាក់ទាញវិនិយោគិនជប៉ុន ពិសេសសហគ្រាសធុនតូច និងធម្យមឲ្យមកបណ្តាក់ទុននៅកម្ពុជា។

បើតាមសម្តេចបវរធិបតី ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ នឹងក្លាយជាប្រព័ន្ធអេកូឡូស៉ីមួយសម្រាប់ជួយដោះស្រាយបញ្ហារបស់វិនិយោគិនជប៉ុន បានយ៉ាងងាយស្រួល និងបង្កើនទំនុកចិត្ត និងជំនឿជាក់រយៈពេលវែងដល់វិនិយោគិនជប៉ុនផងដែរ។

ការជំរុញឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុនរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន រៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho)
ដែលមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបង្ហាញនូវក្តីសង្ឃឹមថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះអាចលេចរូបរាងឡើងនៅរយៈពេល៣ឆ្នាំខាងមុខ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាក្រុមហ៊ុនជប៉ុន និងភ្នាក់ងារសេដ្ឋកិច្ចជប៉ុននឹងអាចធ្វើការរួមគ្នា ដើម្បីសម្រេចបានគោលដៅនេះ [តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន] សង្ឃឹមថា ៣ឆ្នាំទៀតកិច្ចការនេះនឹងលេចជារូបរាងឡើង»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។ ជាក់ស្តែងកាលពីឆ្នាំ២០២៤ ការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង ២ពាន់លានដុល្លារ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិនិយោគិនជប៉ុន ឱ្យមកវិនិយោគនៅម្ពុជា ដោយបានលើកឡើងកត្តាអំណោយផលរបស់កម្ពុជា ដែលរួមមាន ស្ថេរភាពនយោបាយ អត្រាកំណើនសេដ្ឋកិច្ច យន្តការថែរក្សា និងដោះស្រាយដល់ក្តីកង្វល់នានារបស់វិនិយោគិនជប៉ុន ច្បាប់វិនិយោគអំណោយផល កម្លាំងពលកម្មវ័យក្មេង និងកត្តាអនុគ្រោះពន្ធ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម៕