(ស៊ីនជាំង)៖ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់ Kuche ក្រុង Aksu តំបន់ស្វយ័ត Xinjiang មានរៀបចំពិធីលើកទី៤ប្រគល់ពាន «បេសកជនមិត្តភាពផ្លូវសូត្រ» ដល់ជនបរទេសចំនួន១១រូបមកពី១១ប្រទេស ក្រោមកិច្ចសហការរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន និង សារព័ត៌មានប្រជាជនចិន។
ក្នុងនាមអង្គភាពរៀបចំកម្មវិធី លោក Cui Shixin និពន្ធនាយករងនៃសារព័ត៌មានប្រជាជនចិន បានគូសបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យ ក្នុងការផ្តល់ងារ «បេសកជនមិត្តភាពផ្លូវសូត្រ» ជូនលោកបណ្ឌិត ជា មុនីឫទ្ធិ រួមជាមួយបេសកកជន១០រូបមកពី ១០ប្រទេសផ្សេងទៀតថា ក្នុងរយៈពេល១២ឆ្នាំមកនេះ តាមរយៈតំណភ្ជាប់រវាងប្រជាជននិងប្រជាជនក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ជាកាលានុវត្តភាពដែលលោកបណ្ឌិត បានក្តាប់យ៉ាងណែននៅក្នុងការរួមចំណែកចូលរួម ជាមួយអង្គពាក់ព័ន្ធនានាដើម្បីអនុវត្ត នូវគម្រោងនានាជាច្រើនវិស័យប្រយោជន៍ បង្កើនភាពប្រសើរដល់ជីវភាពរស់នៅជូនដល់ ប្រជាជនកម្ពុជានៅជនបទ។ ដោយឡែកក្នុងតួនាទីជាអ្នកស្រាវជ្រាវ លោកបណ្ឌិតបានដឹកនាំបកប្រែមកជា ខេមរភាសាសៀវភៅ «អភិបាលកិច្ចប្រទេសចិន» ភាគ១ដល់ភាគ៤ និងបាននិពន្ធនិងបោះពុម្ពសៀវភៅជាច្រើន ជាខេមរភាសាស្តីពី «វប្បធម៌ចិន» «ទំនាក់ទំនងរវាងកម្ពុជានិងចិន» និង «ទស្សនវិជ្ជាចិន» ដោយផ្តើមតាំងពីបុរាណកាលរៀងរហូតមក។ បន្ថែមពីលើនេះ លោកបណ្ឌិតក៏ជាអ្នកចែករំលែកផ្សព្វផ្សាយអត្ថបទទស្សនវិជ្ជាចិន នៅតាមបណ្តាសារព័ត៌មាននានាទាំងក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសចិន។
ក្នុងនាមជាបេសកជនមិត្តភាពផ្លូវសូត្រ លោកបណ្ឌិតបានថ្លែងថា ការផ្សព្វផ្សាយស្មារតីផ្លូវសូត្រជាការរួមចំណែក បង្កើនទំនាក់ទំនងប្រជាជននិងប្រជាជន ស្របពេលដែលឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ជាពេលវេលាដ៏សមស្រប សម្រាប់អញ្ជើញមិត្តចិន និងមិត្តភក្តិបរទេសនានាទស្សនាកម្ពុជា។ លោកបណ្ឌិតក៏បានរំលេចពីទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលត្រូវបានរួមគ្នាជាសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនឹងផ្តល់ពលំកាន់តែខ្លាំង ដល់ការស្រូបទាញទេសចរណ៍និងវិនិយោគិនចិន និងបរទេសមកកម្ពុជា ស្របតាមខ្លឹមសារនិងគោលដៅរួមគឺ «សន្តិភាពនិងការអភិវឌ្ឍ» ដែលជាស្នូលសារវន្តនៃស្មារតីផ្លូវសូត្រ។
គួររំលេចផងដែរថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០១៣ បានរំលេចពីតំណភ្ជាប់ចំនួន៥គឺ១-គោលនយោបាយ ២-ពាណិជ្ជកម្ម ៣-ហេដ្ឋារចនាសម្ព័ន្ធ ៤-ហិរញ្ញវត្ថុ និង៥-ប្រជាជននិងប្រជាជន ហើយតាមរយៈសកម្មភាពផ្សព្វផ្សាយពីស្មារតីផ្លូវសូត្រនេះ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ តាមរយៈស្ថាប័នរៀបចំដាច់ដោយឡែកពីគ្នា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន អតីតសហនាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទទួលបានមេដាយជាអ្នកដឹកនាំវ័យក្មេង ចំនួន១លើក មេដាយជាអ្នកស្រាវជ្រាវវ័យក្មេងចំនួន១លើក មេដាយមិត្តភាពចំនួន១លើក និងលើកនេះពានជា «បេសកជនមិត្តភាពផ្លូវសូត្រ»៕